ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤” ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចធិបតី ថ្លែងរំលឹកថា ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីឆ្នាំ១៩៩៩ គឺមានសារសំខាន់បំផុត ខណៈកងទ័ពជើងគោក បានចូលរួមប្រតិបត្តិការយ៉ាងសកម្ម ក្នុងការប្រមូលផ្គុំកងទ័ពគ្រប់ភាគីទាំងអស់ ចូលរួមក្នុងការអនុវត្តប្រកបដោយជោគជ័យ នូវនយោបាយឈ្នះឈ្នះ រួមទាំងបានការពារនូវយន្តការជាច្រើនទៀត ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍៃរហូតដល់សព្វថ្ងៃនេះ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា រយៈពេល ៤៥ឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញច្បាស់ថា កម្ពុជាកំពុងឈានទៅមុខឥតឈប់ឈរ និងត្រឹមត្រូវ។
-សម្ដេចធិបតី បានថ្លែងបន្តថា កងទ័ពជាកម្លាំងសំខាន់ ដែលអាចបង្កជាសង្គ្រាម ហើយកងទ័ពក៏អាចបញ្ចប់សង្គ្រាម នាំមកនូវសុខសន្តិភាពផងដែរ។
-សម្តេចធិបតី ថ្លែងកោតសរសើរ និងអរគុណដោយស្មោះចំពោះយោធិនទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត លះបង់ក្រុមគ្រួសារដែលជានិច្ចកាលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អ ជាមួយបណ្តាគ្រប់កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារនូវសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីជាដើមនាពេលកន្លងមក។
-សម្តេចធិបតី ថ្លែងអំពាវនាវជាថ្មីម្តងទៀត ដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ត្រូវតែការពារនូវសុខសន្តិភាពឲ្យខាងតែបានគ្រប់កាលៈទេសៈទាំងអស់ ខណៈសន្តិភាពនេះហើយ ដែលធានាបាននូវការអភិវឌ្ឍប្រទេសជាតិរបស់យើង។
-សម្ដេចធិបតី ថ្លែងថា កំណែទម្រង់កងទ័ព ត្រូវផ្អែកលើស្មារតីជាតិនិយម។ សម្ដេចធិបតី បញ្ជាក់ថា ធ្វើយ៉ាងណាត្រូវផ្អែកលើស្មារតីពង្រឹងឯករាជ្យ ម្ចាស់ការលើការធ្វើទំនើបកម្មកងទ័ព។
-សម្ដេចធិបតី ថ្លែងថា ដើម្បីពង្រឹងសមត្ថភាពកងទ័ព ត្រូវពង្រឹងសាលា ដើម្បីពង្រឹងសាលា ត្រូវពង្រឹងយោធាចារ្យ។
-សម្ដេចធិបតី៖ កម្ពុជានឹងកសាងសាលា ហ្វឹកហ្វឺនបន្ថែមទៀត ដោយផ្ដោតលើជំនាញរថក្រោះ, កាំភ្លើងធំ និងការពារអាកាស។
-សម្ដេចធិបតី ថ្លែងថា កម្ពុជាមិនមានមហិច្ឆតារំលោភឈ្លានពានគេនោះទេ។ កម្ពុជាធ្វើទំនើបកម្មកងទ័ពដូចប្រទេសនានាដែរ។ នៅក្នុងពិភពលោក នេះ មិនមានច្បាប់ហាមឃាត់ប្រទេសណាមួយ មិនឱ្យធ្វើទំនើបកម្មកងទ័ពនោះឡើយ។
-សម្ដេចធិបតី ថ្លែងថា កងកម្លាំងប្រដាប់អាវុធទាំងអស់ គឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងការចូលរួមថែរក្សាបរិយាកាសសន្តិភាព និងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន។
-សម្ដេចធិបតី សង្កត់ធ្ងន់ថា ទោះតម្លៃណាក៏ដោយ ត្រូវតែរក្សាការពារសន្តិភាពឱ្យបានជាដាច់ខាត។
-សម្ដេចធិបតី ថ្លែងណែនាំឱ្យកងទ័ពបន្តធ្វើកំណែទម្រង់ដោយយកចិត្តទុកដាក់ខ្ពស់លើការរៀបចំរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និងការពង្រឹងរបៀបរបបការងារ ក៏ដូចជការកសាងសមត្ថភាពកងទ័ព ដែលជាទិសដៅការងារអាទិភាពក្នុងដំណើរការកំណែទម្រង់កងទ័ព។
-សម្ដេចធិបតី ថ្លែងថា ការហ្វឹកហ្វឺនកងទ័ព គឺត្រូវតែមានការពង្រឹងសមត្ថភាពរបស់សាលា ក៏ដូចជាទីទាំងហ្វឹកហ្វឺនឱ្យស្របតាមស្ដង់ដារ និងជាពិសេសការពង្រឹងសមត្ថភាពយោធាចារ្យឱ្យបានខ្លាំងប្រកបដោយចំណេះជំនាញ។
-សម្ដេចធិបតី ថ្លែងថា កម្ពុជា មិនមានមហិច្ឆតាក្នុងការឈ្លានពានទៅលើប្រទេសណាមួយឡើយ តែផ្ទុយទៅវិញ កម្ពុជា គ្រាន់តែជាការ ធ្វើទំនើបកម្មលើវិស័យកងទ័ព ដើម្បីពង្រឹងខឿនការពារជាតិរបស់ខ្លួនប៉ុណ្ណោះ។
សូមជម្រាបដែរថា នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អះអាងថា កងទ័ពជើងគោក ប្តេជ្ញាការពារឲ្យបានជាដាច់ខាតនូវជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជបល្ល័ង ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ និងទប់ស្កាត់រាល់ជនទាំងឡាយណាក៏ដោយ ដែលមានចេតនាបំផ្លិតបំផ្លាញសុខសន្តិភាពកម្ពុជា ដែលកំពុងមានសព្វថ្ងៃនេះ។
ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ – ២៤ មករា ២០២៤) នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ថា នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃបញ្ជាការដ្ឋានកងទ័ពជើងគោក នឹងមិនអនុញ្ញាតឲ្យបុគ្គលណា ឬក្រុមណាក៏ដោយដែលមានចេតនាធ្វើបដិវត្តន៍ពណ៌នោះ នឹងត្រូវកំចាត់ចោលភ្លាមៗ មិនថាកាលៈទេសៈណានោះឡើយ។
ជាមួយគ្នានោះនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងទៀតថា ក្នុងរយៈពេល២៥កន្លងមកនេះ បញ្ជាការដ្ឋានកងទ័ពជើងគោក ការពារបានយ៉ាងម៉ុតមាំនូវព្រំដែន ការពារសុខសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ និងទប់ស្កាត់រាល់បដិវត្តន៍ពណ៌ និងការពារគ្រប់បែបយ៉ាងទាំងអស់ដើម្បីសុខសន្តិភាពជូនជាតិ និងប្រជាជនខ្មែរទាំងមូល។ ក្រៅពីការពារនូវបូរណភាព ទឹកដី និងអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានរំលឹកផងដែរថា កងទ័ពជើងគោកក៏បានចូលរួមយ៉ាងសកម្មផងដែរ ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយនានា និងជួយសកម្មភាពមនុស្សធម៌ជាច្រើនទៀត។
នៅចំពោះមុខនៃពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានប្តេជ្ញាបង្កើនសមត្ថភាពរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតស្របទៅតាមការកែទម្រង់របស់អគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីការពារនូវអធិបតេយ្យភាព បូរណភាពទឹកដី ការពារព្រំដែនសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ដែលកំពុង មាននាពេលបច្ចុប្បន្ននេះ៕
ដោយ៖ស តារា