ភ្នំពេញ ៖ ជំងឺភ្នែកឡើងបាយគឺជាជំងឺដែលកែវភ្នែកភ្លឺថ្លាពីធម្មជាតិរបស់អ្នកប្រែជាស្រអាប់ស ធ្វើអោយគំហើញរបស់អ្នកធ្លាក់ចុះស្រវាំងបន្ដិចម្ដងៗ។ ជំងឺភ្នែកឡើងបាយអាចព្យាបាលជាសះស្បើយតាមរយៈការវះកាត់ និងការប្រើម៉ាស៊ីន Phacoemulsification បូមយកកែវភ្នែកដែលស្រអាប់ចេញ ដោយរក្សាទុកនូវស្រទាប់តម្រងកែវធម្មជាតិរបស់អ្នកជំងឺដើម្បីដាក់កែវសិប្បនិម្មិតថ្លាចូលក្នុងតម្រងកែវនេះវិញ។ ក្រោយការវះកាត់ភ្នែកឡើងបាយអ្នកជំងឺអាចមើលឃើញច្បាស់ឡើងវិញ។ តាមការសិក្សាស្រាវជ្រាវនៅលើពិភពលោកក្នុងរយ:ពេល ពី២ ទៅ ៥ឆ្នាំ អ្នកដែលបានបកបាយភ្នែករួចហើយអាចមានបញ្ហាស្រទាប់តម្រងកែវធម្មជាតិឡើងស្រអាប់ដោយធ្វើអោយអ្នកមានអារម្មណ៍ថាដូចមានបាយភ្នែកម្ដងទៀត។ អាការ:ទាំងនោះរួមមានដូចខាងក្រោម៖
-ស្រវាំងភ្នែកជាងមុនបន្តិចម្ដងៗលក្ខណ:ស្រដៀងនឹងមុនពេលបកបាយ
-ចាញ់ពន្លឺថ្ងៃ
-មើលឃើញចំណាំងផ្លាតពន្លឺខុសធម្មតា
-អាចហៀរទឹកភ្នែកពេលត្រូវពន្លឺខ្លាំង
ក្នុងករណីមានរោគសញ្ញាដូចខាងលើ សូមមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសចក្ខុរោគ ដើម្បីទទួលការព្យាបាលដោយការបាញ់កាំរស្មីឡេស័រលាងទំលុះស្រទាប់កែវដែលឡើងស្រអាប់នេះដោយបច្ចេកទេស YAG-Capsulotomy ដើម្បីអោយអ្នកជំងឺអាចមើលឃើញច្បាស់ឡើងវិញ។ បច្ចេកទេសនេះជាការព្យាបាលដែលមិនមានការឈឺចាប់ មានប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់ ដោយមានផលប៉ះពាល់តិចតួចបំផុត។ ការព្យាបាលចំណាយពេលត្រឹមតែ ៥ ទៅ ១០នាទី ដោយមិនចាំបាច់មានការវះកាត់ម្តងទៀតនោះទេ។
សូមទំនាក់ទំនងសួរព័ត៌មាន និងប្រឹក្សាយោបល់បន្ថែមចំពោះការពិនិត្យ និងព្យាបាលបញ្ហាស្រទាប់តម្រងកែវស្រអាប់នេះជាមួយវេជ្ជបណ្ឌិតឯកទេសចក្ខុរោគនៅមន្ទីរពេទ្យកាល់ម៉ែត។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា