ភ្នំពេញ៖ យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ប្រទេសចំនួន៣ រួមមានចិន វៀតណាម និងថៃ ដែលកម្ពុជា បាននាំចូលទំនិញច្រើនបំផុត នៅឆ្នាំ២០២៣។
អគ្គនាយកដ្ឋានគយ បានគូសបញ្ជាក់ថា ប្រទេសចិន ឈរលេខរៀងទី១ ដែលបាននាំចូលទំនិញមកកាន់កម្ពុជាច្រើនជាងគេ ក្នុងទំហំប្រមាណជាង ១០,៧៨ពាន់លានដុល្លារអាមេរិក កើនឡើង ៣,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ១០,៤៤ពាន់លានដុល្លារ។ ដោយឡែកការនាំចេញរបស់កម្ពុជាទៅចិនមានចំនួនជាង ១,៤៧ពាន់លានដុល្លារ កើនឡើងជិត ២០%។ នៅឆ្នាំ ២០២៣ ដដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានប្រមាណជាង ១២,២៦ពាន់លានដុល្លារ កើនឡើង ៥%។
អគ្គនាយកដ្ឋានគយ បានបញ្ជាក់បន្ថែមថា កម្ពុជា បាននាំចូលទំនិញពីប្រទេសវៀតណាម មានតម្លៃជាង ៣,៦ពាន់លានដុល្លារ ថយចុះជិត ៩% បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៣,៩ពាន់លានដុល្លារអាមេរិក។ ចំណែកការនាំចេញរបស់កម្ពុជា ទៅវៀតណាម បានចំនួន ២,៩ពាន់លានដុល្លារ កើនឡើងជាង ៣៧% ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ ២០២៣ សម្រេចបានទឹកសរុបជាង ៦,៥៨ពាន់លានដុល្លារ។
ចំណែកប្រទេសថៃ មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ក្នុងទឹកប្រាក់ ៣,៧១ពាន់លានដុល្លារ ថយចុះជាង ២០% បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៤,៤៧ពាន់លានដុល្លារ។ ក្នងនោះការនាំចេញរបស់កម្ពុជា ទៅថៃមានចំនួនជាង ៨១៧លានដុល្លារ និងការនាំចូលមកវិញមានចំនួនជាង ២,៨៩ពាន់លានដុល្លារ។
គួរជម្រាបថា បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា អន្តរជាតិ នៅក្នុងឆ្នាំ ២០២៣ បានថយចុះជិត ១០% ស្មើនឹងទឹកប្រាក់ ៤៦,៨២ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៤៧,៧១ពាន់លានដុល្លារ។ ប្រទេសសំខាន់ៗ ដែលបានដោះដូរទំនិញជាមួយកម្ពុជា បច្ចុប្បន្នរួមមាន៖ ចិន អាមេរិក វៀតណាម ថៃ ជប៉ុន ឥណ្ឌូណេស៊ី អាល្លឺម៉ង់ កាណាដា សិង្ហបុរី អង់គ្លេស តៃវ៉ាន់ កូរ៉េខាងត្បូង អេស្ប៉ាញ ម៉ាឡេស៊ី ហូឡង់ បារាំង ឥណ្ឌា បែលហ្ស៊ិក ហុងកុង និងអ៊ីតាលីជាដើម៕
ដោយ៖ តារា