ខេត្តមណ្ឌលគិរី ៖ គួរឱ្យសោកស្តាយណាស់ កូនដំរីព្រៃមួយក្បាលត្រូវបានអ្នកភូមិប្រទះឃើញងាប់ក្នុងសភាពត្រូវរបួសដោយគ្រាប់កាំភ្លើង នៅតាមផ្លូវធ្វើដំណើរឆ្ពោះទៅភូមិក្តោយ ក្នុងបរិវេណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចលឹមរ៉ូយ៉ាល់ ក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
ប្រភពនានាបានរាយការណ៍ថា ៖ នៅពេលក្រុមការងាររដ្ឋបាលខេត្តទៅកាន់ភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ក៏បានទទួលព័ត៌មានពីអ្នកភូមិពីការប្រទះឃើញកូនដំរីព្រៃងាប់ ។ ក្រោយពីទទួលបានព័ត៌មាននេះ មន្ត្រីនៃដែនជម្រកការពារសត្វព្រៃភ្នំព្រេច បានទៅត្រួតពិនិត្យនៅកន្លែងប្រទះឃើញនោះ ។
បន្ទាប់ពីត្រួតពិនិត្យជាបឋម គឺបានរកឃើញមានស្នាមគ្រាប់មួយបាញ់ចំឆ្អឹងជំនីរឆ្វេង ទើបបណ្តាលឲ្យកូនដំរីមួយក្បាលនេះងាប់ ។
ប្រភពបានបន្តថា ៖ មន្ត្រីឧទ្យានុរក្សបានដឹកកូនដំរីញីខាងលើនោះទៅស្នាក់ការ ដើម្បីទុកឲ្យនគរបាលខាងកោល្យវិច័យត្រួតពិនិត្យឱ្យច្បាស់លាស់ ពីស្លាកស្នាមដើម្បីរកការពិតថា តើរបួសនោះបង្កឡើងមកពីការបាញ់ដោយគ្រាប់កាំភ្លើងឬក៏ព្រួញ ? ។
ពាក់ព័ន្ធករណីនេះ ឃើញអ្នកសារព័ត៌មាន បានដាក់រូបដំរីនេះ ងាប់ ក្នុងគ្រុបការងារវិស័យបរិស្ថាន និងសរសេរថា៖ «គួរឱ្យសោកស្តាយ កូនដំរីព្រៃ ១ក្បាល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកងាប់កណ្តាលព្រៃសង្ស័យត្រង់ចំណុច អូរថ្ម ភូមិក្តោយ ឃុំរយ៉ ស្រុក កោះញែកខេត្តមណ្ឌលគិរី សង្ស័យងាប់ដោយសារការបាញ់ប្រហារនឹងគ្រាប់កាំភ្លើង» ប៉ុន្តែមិនទាន់ឃើញជំនាញបញ្ជាក់ជាផ្លូវការងាប់ដោយសារអ្វី ៕
ដោយ ៖ សិលា