ខេត្តកំពង់ស្ពឺ៖ សាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចផ្តន្ទាទោសជនជាប់ចោទចំនួន ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល ៣០ឆ្នាំ និងពិន័យជាប្រាក់ ៦០លានរៀល។ នេះបេីយោងតាមប្រភពព័ត៍មានពីសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ។
ជាក់ស្ដែងយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌលេខ ៣៨ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដែលមានជនជាប់ចោទចំនួន ៥នាក់ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះចោទប្រកាន់ពីបទល្មើសរក្សាទុក ដឹកជញ្ជូន និងជួញដុរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រុមប្រឹក្សាជំនុំជម្រះ ផ្តន្ទាទោសជនជាប់ចោទចំនួន ៥ នាក់ ឈ្មោះ ស្រី គឹមលួ ភេទប្រុស ឈ្មោះ ឃឹម សុភក្រ ភេទប្រុស ឈ្មោះ បន បៀង ហៅម៉ី ភេទប្រុស ឈ្មោះ ផាន កំសត់ ភេទប្រុស និងឈ្មោះ ជា រ៉ុង ភេទប្រុស ដាក់ពន្ធនាគារ ៣០ឆ្នាំ និងពិន័យជាប្រាក់ ៦០លានរៀល ចូលជាថវិកាជាតិ។
បច្ចុប្បន្នជនជាប់ចោទទាំង ៥នាក់នេះ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅឃុំខ្លួននៅពន្ធនាគារ តាមនីតិវិធីច្បាប់៕
ដោយ៖ស តារា