ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តព្រះវិហារអំពាវនាវដល់ប្រជាពលរដ្ឋដែលអាស្រ័យផលលើដីរដ្ឋដែលបានចុះបញ្ជីជូនក្រុមហ៊ុនចម្ការអំពៅត្រូវបញ្ឈប់សកម្មភាព ដោយសារក្រុមហ៊ុនចាប់ផ្តើមដាំដំណាំកសិឧស្សាហកម្មផ្សេងៗឡើងវិញហើយ

ចែករំលែក៖

ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលអាស្រ័យផលដាំដំណាំផ្សេងៗលើដីរដ្ឋដែលបានចុះបញ្ជីរួចជូនក្រុមហ៊ុនវិនិយោគចម្ការអំពៅរបស់ចិន ត្រូវបញ្ឈប់សកម្មភាព ដោយសារក្រុមហ៊ុនចាប់ផ្តើមដំណើរការដាំដំណាំកសិឧស្សាហកម្មផ្សេងៗឡើងវិញ។

ការចេញអំពាវនាវរបស់អាជ្ញាធរខេត្តព្រះវិហារបានធ្វើឡើងក្នុងអង្គសន្និសីទសារព័ត៌មានមួយនារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ព្រមទាំងតំណាងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលស្រុកឆែប និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ ក៏ដូចជាតំណាងមន្ទីររៀបចំដែនដីខេត្ត មន្ទីរកសិកម្មខេត្ត បានថ្លែងលើកឡើងពីប្រវត្តិសវតារនៃដំណើរការកិច្ចសន្យារវាងក្រុមហ៊ុនចម្ការអំពៅចិនទាំង៥ ដែលបានចុះកិច្ចសន្យាជួលដីរដ្ឋដែលបានចុះបញ្ជីរួចធ្វើការវិនិយោគដាំដំណាំអំពៅ និងដំណាំកសិឧស្សាហកម្មផ្សេងៗ លើកិច្ចសន្យារយៈពេល៥០ឆ្នាំ លើផ្ទៃដីដែលបានចុះបញ្ជីរួចចំនួន២០១៧៨.៧២ហិកតា។

ក្រុមហ៊ុនចិនទាំង៥រួមមាន៖

ទី១.ក្រុមហ៊ុន ឡាន ហ្វេង ធ្វើការវិនិយោគស្ថិតក្នុងស្រុកជ័យសែន និងស្រុកត្បែងមានជ័យ។

ទី២.ក្រុមហ៊ុន ហេង ណុក វិនិយោគនៅស្រុកជ័យសែន

ទី៣.ក្រុមហ៊ុន រួយ ហ្វេង វិនិយោគនៅស្រុកជ័យសែន និងស្រុកឆែប។

ទី៤.ក្រុមហ៊ុន ហេង យូ វិនិយោគនៅស្រុកឆែប។

ទី៥.ក្រុមហ៊ុន ហេង រ៉យ វិនិយោគនៅស្រុកឆែប។

លោក ណុប វុទ្ធី បានថ្លែងបញ្ជាក់ទៀតថា៖  ក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ-១៩ ក្រុមហ៊ុនទាំងនោះបានផ្អាកសកម្មភាព ជាហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនបានចូលអាស្រ័យផលដាំដំណាំផ្សេងៗ ប៉ុន្តែដោយការយោគយល់របស់អាជ្ញាធរខេត្តព្រះវិហារ គឺបានឱ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើកិច្ចសន្យា ពេលដែលប្រមូលផលរួចត្រូវបញ្ឈប់ការដាំដុះលើដីវិនិយោគនេះតទៅទៀត តែពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយរដូវទៅមួយរដូវ បងប្អូននៅតែបន្តដាំដំណាំលើដីនេះដដែល។

លោកអភិបាលរងខេត្តព្រះវិហារបានថ្លែងបញ្ជាក់ទៀតថា៖ ជាក់ស្តែងប៉ុន្មានថ្ងៃមុននេះ មានវិទ្យុមួយផ្សាយថា ក្រុមហ៊ុនបានធ្វើការប៉ះពាល់លើដីបងប្អូនប្រជាពលរដ្ឋជនជាតិភាគតិចចំនួន៦០ហិកតា ដែលករណីនេះលោក ណុប វុទ្ធី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីដីជាង៦០ហិកតានោះគឺជាដីឯកជនរបស់រដ្ឋ ដែលបានចុះបញ្ជីជូនក្រុមហ៊ុន រួយ ហ្វេង រួចហើយ។

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា តើអាជ្ញាធរខេត្តព្រះវិហារមានវិធានការបែបណាដើម្បីបញ្ចប់វិវាទដីនៅក្រុមហ៊ុនចម្ការអំពៅនេះ? លោក ណុប វុទ្ធី បានថ្លែងថា៖ ដោយអនុវត្តតាមអនុសាសន៍របស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ គឺយកយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយអាជ្ញាធរខេត្តមិនចង់ឃើញបងប្អូនមានទោសទណ្ឌនោះទេ តែងព្យាយាមដោះស្រាយសម្របសម្រួល ក៏ដូចជាការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងត្រូវគោរពច្បាប់ដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍតទៅទៀត៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖