ភ្នំពេញ៖ «វប្បធម៌ និងផ្នត់គំនិតអន្តរាគមន៍ជុំវិញការជ្រើសរើសមន្ត្រីរាជការស៊ីវិល នឹងត្រូវផ្លាស់ប្តូរដោយផ្នត់គំនិតប្រកួតប្រជែងតាមរយៈសមត្ថភាព និងការទទួលខុសត្រូវរបស់បេក្ខជន។» នេះជាការលើកឡើងរបស់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណ: នៅក្នុងសន្និសីទសារព័ត៌មាន ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន១០០នាក់ ក្នុងចំណោមផែនការក្របខណ្ឌ ២០៨៨នាក់ ដែលជាផែនការក្របខណ្ឌរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ នឹងចាប់ផ្តើម ក្នុងពេល២ថ្ងៃទៀត។ ឆ្ពោះទៅកាន់ការប្រឡងនេះ គណៈកម្មការទាំងអស់បានជួបជុំគ្នាធ្វើវឌ្ឍនភាពការងារ និងបានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្តល់ព័ត៌មានជូនសាធារណជនជ្រាប។
គ្រប់ដំណាក់កាលនៃការរៀបចំ រួមមានការផលិតមាតិកាផ្សាយចម្រុះឱ្យបានទូលំទូលាយ ទាំងOnline ទាំងOffline ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការរៀបចំប្រព័ន្ធទិន្នន័យ និងផ្តល់ព័ត៌មានជូនបេក្ខជនតាមប្រព័ន្ធព័ត៌មានវិទ្យាឌីជីថល, ការរៀបចំកម្មវិធីផ្តល់ព័ត៌មាន (Orientation Session) រួមទាំងការរៀបចំសន្និសីទសារព័ត៌មានដែលបានធ្វើនាពេលនេះ សុទ្ធតែជាការធានាដល់តម្លាភាព និងការផ្តល់លទ្ធភាពស្មើៗគ្នា ដល់សាធារណៈជន ចូលរួមប្រឡងប្រជែងគ្រប់ៗគ្នា។ ការប្រឡងប្រជែងនាពេលដ៏ខ្លីខាងមុខនេះ នឹងមានបេក្ខជនប្រឡងចំនួន ១៨៩២ រូប និងមានការចូលរួមសង្កេតការពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៨៧រូប, សាធារណៈជន ចំនួន៤៤ រូប, តំណាងសាកលវិទ្យាល័យចំនួន១០ រូប, និងសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន២០រូប រួមទាំងវត្តមានសារព័ត៌មានចម្រុះស្ថាប័នផ្សេងៗទៀត។
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ក្របខណ្ឌឆ្នាំ២០២៣ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា នឹងប្រព្រឹត្តទៅដោយបែងចែកជា២ ប្រភេទវិញ្ញាសាគឺ៖ (១) ប្រភេទវិញ្ញាសាសរសេរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង(២) ប្រភេទវិញ្ញាសាអនុវត្តកីឡា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ នៅមណ្ឌលប្រឡងវិទ្យាស្ថានអប់រំកាយ និងកីឡា។ ក្រសួងមុខងារសាធារណៈមានទំនួលខុសត្រូវខ្ពស់ក្នុងការរៀបចំយន្តការ និងនិយាមជ្រើសរើសមន្ត្រីរាជការស៊ីវិលដោយត្រូវឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ហើយបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្លើយតបជាមួយទំនុកចិត្តដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល ដែលមានឆន្ទៈខ្ពស់ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការបង្កើតបរិយាកាស ឬឱកាសស្មើៗគ្នា ក្នុងការចូលរួមប្រឡងប្រជែង។ ក្នុងន័យនេះ វប្បធម៌ និងផ្នត់គំនិតអន្តរាគមន៍ជុំវិញការជ្រើសរើសមន្ត្រីរាជការស៊ីវិល នឹងត្រូវផ្លាស់ប្តូរដោយផ្នត់គំនិតប្រកួតប្រជែងតាមរយៈសមត្ថភាព និងការទទួលខុសត្រូវរបស់បេក្ខជន ៕
ដោយ ៖ សិលា