ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៤ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មា ធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅភារកិច្ចខែកុម្ភៈ ឆ្នាំ ២០២៤ នៅមន្ទីរគណបក្សខេត្ត។ អញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ សរុប ៣៥០ នាក់។
ជាកិច្ចចាប់ផ្តើមលោកហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបប្រជុំជាមួយក្រុម ការ ងារទាំងអស់ជាលើកដំបូង ក្នុងឆ្នាំ ២០២៤ នេះ។ លោកបានគូសបញ្ជាក់ថាកិច្ចប្រជុំនេះ មានគោលបំណងស្តាប់នូវរបាយការណ៍ តាមដានវឌ្ឍនភាពការងារ និងដាក់ ទិសដៅខែបន្ទាប់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ លោកបានវាយតម្លៃខ្ពស់ និងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ គណៈកម្មាធិការគណ បក្ស សមាជិក សមាជិកា ដែលបានពុះពារសម្រេចកិច្ច ការងារខែមករាកន្លងទៅ។ ទន្ទឹមនឹងនេះលោកក៏បានចែករំលែកនូវមតិផ្ទាល់ខ្លួន ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំ ដល់សមាជិក សមាជិកា ក្នុងអង្គ ប្រជុំផងដែរ៕
ដោយ៖ សូរិយា