ភ្នំពេញ ៖ ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាស្ថាបនិកក្លិបកីឡា វិសាខា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនអ្នកទស្សនាការប្រកួតកីឡាបាល់ទះ “តេជោលីគ” (Techo Volleyball Cambodia League) រដូវកាលឆ្នាំ២០២៣-២០២៤ រាប់ម៉ឺននាក់ ទាំងអ្នកអញ្ជើញទស្សនានៅទីលានផ្ទាល់ និងអ្នកទស្សនាតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយនានា គ្រប់ការប្រកួត ជារួម និងដោយឡែកសម្រាប់ការប្រកួត កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ រវាងក្លិបបញ្ជាការដ្ឋានអង្គរក្ស និងសមាគមបាល់ទះ វិសាខា នៅសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះជាការលើកឡើងរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។
លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ៖ ការចូលរួមទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងផ្ទាល់ និងតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយនានា ពីសំណាក់បងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទះ ក៏ដូចជាប្រភេទកីឡាផ្សេងៗទៀត គឺពិតជាបានបង្ហាញយ៉ាងច្បាស់នូវទឹកចិត្តស្រលាញ់ ចូលចិត្ត និងចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា ឱ្យកាន់តែល្បីល្បាញថែមទៀត ទាំងនៅក្នុងប្រទេស តំបន់ និងសកលលោកទាំងមូល។
លោកបន្តថា ៖ ជាមួយគ្នានេះ ខ្ញុំក៏សូមស្នើដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី សិស្ស និស្សិតទូទាំងប្រទេស បន្តចូលរួមទស្សនាការប្រកួតកីឡាបាល់ទះ “តេជោលីគ” ក៏ដូចជាការប្រកួតលើប្រភេទកីឡាផ្សេងៗទៀត ឱ្យបានកាន់តែច្រើន ដើម្បីជាការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីផង និងជាការលើកកម្ពស់វិស័យកីឡានៅកម្ពុជាផង។
ឆ្លៀតក្នុងឱកាសនេះ ក៏សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី សិស្ស និស្សិត ពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទះ ក៏ដូចជាកីឡាផ្សេងៗទៀត មានសុខភាពល្អ សម្រេចបានជោគជ័យគ្រប់ភារកិចុ្ច និងសូមបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា