ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៨ ចំនួន ២,១១២ នាក់ ទទួល សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី (BELTEI SENIOR HIGH SCHOOL DIPLOMA)

ចែករំលែក៖

នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិប៊ែលធីជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី១៨ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ២,១១២នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌល រាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឱ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៩សាខា (២៦សាខា កំពុងដំណើរការ និង ៣សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៨៩៦នាក់ (នារី ១,១០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់)។
គិតត្រឹមឆ្នាំសិក្សា២០២២-២០២៣ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី ១២ ដែលបានប្រឡងបញ្ចប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៨,៩៣៥នាក់ (ដប់ប្រាំបីពាន់ ប្រាំបួនរយសាមសិបប្រាំនាក់) ក្នុងនោះ ជាប់ ១៦,៥១២នាក់ (ដប់ប្រាំមួយពាន់ ប្រាំរយដប់ពីរនាក់) ស្មើនឹង ៨៧.២០% និងមានសិស្សនិទ្ទេស A ចំនួន ៣៩៧នាក់ សិស្សពូកែទូទាំងរាជធានី ចំនួន ១១៦នាក់ និងទូទាំងប្រទេស ចំនួន ៣១នាក់។ ចំពោះសិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងទទួលបានសញ្ញាបត្រចំនួនពីរ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញ ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយ របស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក  (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង បានកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែង សិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ។ ជាមួយនឹងជោគជ័យរបស់ក្មួយៗ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរព វិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត និងប្រកួតប្រជែងដណ្តើមទីផ្សារការងារជាមួយបណ្តាយុវជនទាំងអស់ ទាំងក្នុងតំបន់អាស៊ាននិងពិភពលោក ជាពិសេស ដើរឱ្យទាន់នូវការរីកចម្រើនផ្នែកបច្ចេកវិទ្យាសម័យបដិវត្តឧស្សាហកម្ម៤.០។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និង លោកជំទាវ បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្ស ជ័យលាភីទាំង ២,១១២នាក់ នាពេលនោះផងដែរ៕


ចែករំលែក៖