ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថាACU បានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះថា ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានបញ្ជាក់ថា វឌ្ឍនភាពការងារ គិតត្រឹមព្រឹកនេះ បានចំនួន ៩៩.០៦% នៃចំនួនបុគ្គលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១៨,២៧៩ រូប។ នៅសល់ ៤ ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ ឆ្នាំ២០២៤ តាមច្បាប់កំណត់ នឹងបញ្ចប់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
ACU បានឱ្យដឹងទៀតថា គិតត្រឹមព្រឹកថ្ងៃទី២៧ មករានេះ បុគ្គលចំនួន ១៧១រូប នៅមិនទាន់មកបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៤ ដូច្នេះសូមបុគ្គលជាប់កាតព្វកិច្ចប្រកាសទាំងអស់ អញ្ជើញមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា កាលពីម្សិលមិញ ក្រសួង-ស្ថាប័នចំនួន ០៣ រួមមាន ៖ ក្រសួងធម្មការ និងសាសនា ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ បានបញ្ចប់ការប្រកាសទាំងស្រុង ១០០% នៃចំនួនបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៤។
ដោយឡែក នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ព្រឹកមិញនេះ ក្រសួងមុខងារសាធារណៈ ក៏បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួន ទាំងស្រុង ១០០ % ផងដែរ៕
ដោយ៖ តារា