ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញក្រសួងធនធានទឹក ចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងជូនប្រជាកសិករក្នុងស្រុកបាទី ខេត្តតាកែវចំនួន ៤ ០៥០ ហិកតា

ចែករំលែក៖

ខេត្ត​តាកែវ​៖​ ក្រុមការងារបច្ចេកទេសនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយមដឹកនាំដោយលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋាន ដោយមានកិច្ចសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន​ នៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានចុះអន្តរាគមន៍ជួយបូមទឹកសង្គ្រោះស្រូវរដូវប្រាំង ជូនបងប្អូនប្រជាកសិករ នៅស្រុកបាទី ខេត្តតាកែវ។

ក្នុងឱកាសនោះ ក្រុមការងារបានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំង ក្នុងឃុំពត់សរ ឃុំក្រាំងធ្នង់ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំពារាម ឃុំចំបក់ ឃុំដូង និងឃុំត្នោត ក្នុងស្រុកបាទី ខេត្តតាកែវ ចំនួន ៤ ០៥០ ហិកតា ដោយបានប្រើប្រាស់ស្ថានីយបូមទឹកចំនួន៤ ម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង និងអេស្កាវ៉ាទ័រចំនួន ២គ្រឿង ដើម្បីកាយនាំទឹក។ 

ក្រុមការងារបានឱ្យដឹងថា ផែនការបង្កបង្កើនផលស្រូវប្រាំងក្នុងស្រុកបាទីមានចំនួន ២ ០០០ហិកតា ប៉ុន្តែជាក់ស្តែងបងប្អូនប្រជាពលរដ្ឋធ្វើស្រែប្រាំងរហូតដល់ ៤ ០៥០ហិកតា។ ក្រុមការងារបញ្ជាក់ថា តាមការពិនិត្យជាក់ស្តែងស្រូវប្រាំងនៅតំបន់នេះអាចប្រើប្រាស់ប្រភពទឹកពីបឹងទន្លេបាទី និងបឹងជើងលោង ហើយបឹងទន្លេបាទីអាចយកទឹកពីរលាំងជ្រៃ និងទំនប់៧មករា មកបំពេញបន្ថែមទៀត។

ជាមួយគ្នានេះដែរ ប្រធានក្រុមការងារបានណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិឃុំ និងប្រជាពលរដ្ឋឱ្យយកព្រួល សម្រាស់ និងស្បៃចេញពីប្រឡាយកុំឱ្យស្ទះមុខទឹកដើម្បីនាំទឹកឱ្យឆាប់ដល់គោលដៅ និងបានសំណូមពរដល់បងប្អូនប្រជាកសិករប្រើប្រាស់ទឹកទាំងអស់សូមមានការអធ្យាស្រ័យ និងសហការគ្នា ជៀសវាងដណ្តើមទឹកគ្នា រវាងអ្នកនៅខាងលើ និងអ្នកខាងក្រោមប្រឡាយ៕

ដោយ​៖ តារា​


ចែករំលែក៖