ខេត្តកោះកុង ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពគម្រោងស្តារឡើងវិញផ្លូវជាតិលេខ៤៨ ពីស្រែអំបិលទៅខេត្តកោះកុង។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធរបស់ខេត្តកោះកុង ព្រមទាំងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកោះកុង បានធ្វើសេចក្តីរាយការណ៍ជូនគណៈកម្មការទី៩ នៃរដ្ឋសភា គិតមកដល់បច្ចុប្បន្ននេះ គម្រោងស្ថាបនាផ្លូវជាតិលេខ៤៨ ដែលមានប្រវែងប្រមាណ១៤៨គីឡូម៉ែត្រ (ផ្លូវ២គន្លង ស្មើ១២១គីឡូម៉ែត្រ និង៤គន្លង ស្មើ២៨គីឡូម៉ែត្រ)
គិតចាប់ពីផ្លូវបំបែកស្រែអំបិលផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចការសាងសង់បានជាង៣៨% ដោយគ្រោងនឹងបញ្ចប់ឱ្យរួចរាល់ នៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខ។
គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារ។
ក្រោយពីបានស្តាប់នូវសេចក្តីរាយការណ៍រួចមក លោកស្រីប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានសម្តែងនូវការកោតសរសេីររាជរដ្ឋាភិបាលថ្មីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតលេីយុទ្ធសាស្ត្រអាទិភាព៥ មនុស្ស ផ្លូវ ទឹក ភ្លេីង និងបច្ចេកវិទ្យា ដេីម្បីដឹកនាំបន្តពីមរតកសម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៤៨ ដេីម្បីបម្រេីវិស័យដឹកជញ្ជូន សម្រួលដល់ការធ្វេីដំណេីរជូនប្រជាជន ដោយបានកែលម្អភូមិសាស្ត្រដែលប្រឈមនូវគ្រោះថ្នាក់ចរាចរណ៍ ដេីម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។
សូមជម្រាបថា ការអញ្ជើញចុះពិនិត្យមើលគម្រោងស្តារឡើងវិញផ្លូវជាតិលេខ៤៨ គឺស្របពេលដែលគណៈកម្មការទី៩ នៃរដ្ឋសភា ចុះបេសកកម្មការងារ នៅក្នុងខេត្តកោះកុង ដើម្បីឈ្វេងយល់ពីវិស័យការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕
ដោយ ៖ សិលា