ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនយុវជន០៣នាក់ពាក់ព័ន្ធករណីហិង្សាតាមដងផ្លូវ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹក ថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះថា យុវជនចំនួន០៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ជំនាញព្រហ្មទណ្ឌសហការស្រាវជ្រាវបង្រ្កាបព្រមទាំងដកហូតវត្ថុតាង បន្ទាប់ពីទទួលពាក្យបណ្ដឹងពីបុរសជាឪពុកយុវជនរងរបួសយ៉ាងធ្ងន់ធ្ងរម្នាក់(ដេរជិតម្ភៃថ្នេរ)។

លោកឧត្ដមសេនីយ៍ត្រីស្នងការរងឱ្យដឹងទៀតថា ជនសង្ស័យដៃដល់ត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ កប សុជីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិក្រញ៉ាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់, ទី២-ឈ្មោះ រ៉ា សុងឡាយ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងទី៣-ឈ្មោះ ព្រឹម ដេត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ សម្ភារដកហូតរួមមាន៖ ម៉ូតូ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ សេ៊រីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AB-3324 និងដាវចំនួន០២ដើម ។

លោកឧត្ដមសេនីយ៍ត្រីបញ្ជាក់ទៀតថា នេះជាការអនុវត្តពាក្យបណ្ដឹងរបស់ឈ្មោះ ឈីន ផល ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភ្លៅមាន់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ថា ក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ១គ្រឿងមកកាប់កូនប្រុសរបស់គាត់ឈ្មោះ ឈីន សំណាង អាយុ២០ឆ្នាំ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅគ្រាកំពុងធ្វើដំណើរដោយម៉ូតូ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ(ដេរជិតម្ភៃថ្នេរ) រួចនាំគ្នាគេចខ្លួនបាត់អស់។

លោកបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងកំពុងបន្តនីតិវិធី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖