ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការបរទេស បង្ហាញលទ្ធផល នៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសឡាវ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការបរទេសអាស៊ាន ទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្តែងការគាំទ្រចំពោះអាទិភាពរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់«។ ចំពោះ «ការពង្រឹងការតភ្ជាប់» មានអាទិភាពចំនួនបួន ពោលគឺ៖ សមាហរណកម្មនិងការតភ្ជាប់សេដ្ឋកិច្ច ការបង្កើតអនាគតរួមប្រកបដោយបរិយាបន្ននិងចីរភាព ការផ្លាស់ប្ដូរទៅរកអនាគតឌីជីថល និងការលើកកម្ពស់តួនាទីវប្បធម៌និងសិល្បៈអាស៊ានដើម្បីឱ្យមានបរិយាបន្ននិងចីរភាព។ ចំពោះ «ការពង្រឹងភាពធន់» មានអាទិភាពចំនួនប្រាំ ពោលគឺ៖ ការបង្កើតផែនការយុទ្ធសាស្រ្តដើម្បីអនុវត្តចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០៤៥ ការលើកកម្ពស់មជ្ឈភាពអាស៊ាន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកបរិស្ថាន ការលើកកម្ពស់តួនាទីស្ត្រីនិងកុមារឆ្ពោះទៅរកការផ្លាស់ប្តូរឥរិយាបថក្នុងអាស៊ាន និងការពង្រឹងភាពធន់ នៃការអភិវឌ្ឍសុខាភិបាលអាស៊ានក្នុងបរិបទថ្មី។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានពិភាក្សាអំពីមាគ៌ាទៅមុខ ដើម្បីជំរុញការកសាងសហគមន៍អាស៊ានបន្ថែមទៀត និងបានកោតសរសើរចំពោះវឌ្ឍនភាពដ៏ល្អក្នុងការសម្រេចបាននូវចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ ដោយសកម្មភាព ៩៩% នៃផែនការលម្អិតសហគមន៍សន្តិសុខ និងនយោបាយអាស៊ាន សកម្មភាព៩២% នៃផែនការលម្អិតសហគមន៍សេដ្ឋកិច្ច និងសកម្មភាព៩៧% នៃផែនការលម្អិតសហគមន៍សង្គម-វប្បធម៌ ត្រូវបានបញ្ចប់ ឬកំពុងដំណើរការ។

ចំពោះចក្ខុវិស័យសហគមន៍អាស៊ាន២០៤៥ រដ្ឋមន្ត្រីការបរទេសបានផ្ដោតសារៈសំខាន់លើការប្រើប្រាស់វិធីសាស្រ្តប្រកបដោយបរិយាបន្ននិងគ្រប់ជ្រុងជ្រោយ ជាមួយបណ្ដាភាគីពាក់ព័ន្ធ ក្នុងការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ក្រោមការដឹកនាំរបស់សហប្រធានឡាវ និងម៉ាឡេស៊ី ដែលជាសហប្រធានអមអចិន្ត្រៃយ៍ នៃក្រុមការងារកម្រិតខ្ពស់ក្នុងគោលបំណងអនុម័តឯកសារទាំងពីរនេះជាកញ្ចប់នៅឆ្នាំក្រោយ។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃចក្ខុវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ានក្នុងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ហើយក៏បានលើកទឹកចិត្តឱ្យដៃគូខាងក្រៅអាស៊ានចូលរួមនៅក្នុងការអនុវត្តវិស័យអាទិភាពទាំងបួនរបស់ចក្ខុវិស័យអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ហើយក៏បានបន្តស្វាគមន៍បំណងជាបន្តបន្ទាប់របស់ប្រទេសក្រៅតំបន់ ក្នុងការស្នើសុំចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ និងការស្នើសុំបង្កើតភាពជាដៃគូផ្លូវការជាមួយអាស៊ាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាក់ស្តែងនិងរឹងមាំ ផ្អែកលើការគោរព ការយោគយល់គ្នា និងផលប្រយោជន៍ទៅវិញទៅមក។

ក្នុងកិច្ចប្រជុំចង្អៀតនេះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ាន ក្នុងការបញ្ចប់សេចក្តីសម្រេចចិត្តពីរឆ្នាំម្តងស្តីពីសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដែលឈានទៅដល់ការអនុម័តសេចក្តីសម្រេចចិត្តនេះ ដោយគណៈកម្មាធិការ ទី១នៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលការណ៍នេះបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់ដែលអាស៊ានផ្ដោតទៅលើការមិនរីកសាយភាយនិងការរំសាយអាវុធនុយក្លេអ៊ែរ។ ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមានក្នុងការអនុវត្តផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យសម្រាប់ការចូលជាសមាជិកពេញសិទ្ធិអាស៊ានរបស់ទីម័រឡេស្តេ ហើយក៏បានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគាំទ្រដល់ទីម័រឡេស្តេបន្ថែមទៀតក្នុងការកសាងសមត្ថភាព និងការចូលរួមក្នុងកិច្ចប្រជុំ និងសកម្មភាពនានារបស់អាស៊ាន។

ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្ដរជាតិ លោកឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ និងភូមិសាស្ដ្រសេដ្ឋកិច្ចរវាងមហាអំណាចនានា បន្ថែមទៅលើបញ្ហាប្រឈមដែលកំពុងរ៉ាំរ៉ៃនិងជាន់គ្នា បានបង្កជាកង្វល់ និងក្តីបារម្ភ សម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក។ នៅក្នុងបរិបទនេះ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងមជ្ឈភាពអាស៊ានបន្ថែមទៀត និងការប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន ដើម្បីកសាងទំនុកចិត្តយុទ្ធសាស្រ្ត និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូកាន់តែស៊ីជម្រៅ ដើម្បីរក្សានិងលើកតម្កើងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងនិងក្រៅតំបន់។

ចំពោះបញ្ហាមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្រ្ដី បានស្វាគមន៍ការតែងតាំង លោក អាលួនកែវ កិត្តិឃួន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ាសម្រាប់ឆ្នាំ២០២៤ និងគំនិតផ្តួចផ្តើមគន្លឹះរបស់ឡាវក្នុងការសម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដែលនឹងរួមចំណែកដោយស្ថាបនាដល់ដំណើរការសន្ដិភាពដែលម្ចាស់ការ និងដឹកនាំដោយមីយ៉ាន់ម៉ា។ ក្នុងន័យនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍គំនិតផ្ដួចផ្ដើមរបស់ថៃនិងមីយ៉ាន់ម៉ា ក្នុងការបង្កើនជំនួយមនុស្សធម៌ដល់ប្រជាជនដែលរងផលប៉ះពាល់នៅតាមតំបន់ព្រំដែនដោយមានមជ្ឈមណ្ឌល អាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA) ចូលរួមក្នុងដំណើរការត្រួតពិនិត្យ។

ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្ដីការបរទេសអាស៊ាន លោកឧបនាយករដ្ឋមន្រ្ដី ក៏បានមានជំនួបទ្វេភាគីជាមួយ លោក សាលើមសៃ គុំម៉ាស៊ីដ ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដី ការបរទេសឡាវ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្ដីការបរទេសវៀតណាម និង លោក ប៉ានព្រី ផាហ៊ិតថានុកន ឧបនាយកមន្រ្ដី និងជារដ្ឋមន្រ្ដីការបរទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាដែលជាផលប្រយោជន៍និងកង្វល់រួម៕

ដោយ ៖ សិលា


ចែករំលែក៖