ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ឥណ្ឌូនេស៊ី បេ្តជ្ញាលើកកម្ពស់ទំនាក់ទំនងសភា ពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានលើក ឡើងថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកនៅកម្ពុជា នឹងខិតខំលើកកម្ពស់ទំនាក់ទំនងសភាប្រទេស ទំាងពីរទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ លោកនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរលើវិស័យពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជននិងប្រជាជន រួមនឹងវិស័យអប់រំ ឱ្យមានការរីកចម្រើនថែម ទៀតផងដែរ។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។

សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍ចំពោះបេសកកម្មការទូតរបស់បណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ និងបានគូស បញ្ជាក់ថា រដ្ឋសភាបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតឥណ្ឌូនេស៊ី សំដៅពង្រឹង និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ ជ្រុងជ្រោយថែមទៀត។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា បេសកកម្មការទូតរបស់លោកនៅកម្ពុជា ស្របពេលទំនាក់ទំនងប្រទេសទំាងពីរបានឈានដល់ខួបទី៦៥ឆ្នាំ និងក្នុងពេលដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី៧ បានបង្កើតឡើងក្រោយការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ កាលពីខែកក្កដាកន្លងមកនេះ។

ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដោយមានពលរដ្ឋជាង៨៤% នៃអ្នកមានឈ្មោះបោះឆ្នោតបានចេញទៅបោះឆ្នោត ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចំនួនជាង ៨២% ធ្វើឱ្យកម្ពុជាបានផ្ទេរការដឹកនាំពីឥស្សរជនជំនាន់មុនមកឥស្សរជនវ័យក្មេងជំនាន់ក្រោយ ដែលមានសក្តានុពល ដោយសន្តិវិធី គ្មានអំពើហិង្សា ធ្វើឱ្យកម្ពុជាធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍទៅមុខជាលំដាប់។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ីដែលតែងតែជួយគំាទ្រកម្ពុជានៅគ្រប់កាលៈ ទេសៈ ចាប់ផ្តើមពីការទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជា ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិក្នុងដំណើរស្វែងរកសន្តិភាពជូនកម្ពុជា និងការអភិវឌ្ឍជាតិរហូតមកទល់បច្ចុប្បន្ន។សម្តេចក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងតំបន់អាស៊ាន ផងដែរ។

 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកឯកអគ្គរដ្ឋ

ទូតឥណ្ឌូនេស៊ី បានឯកភាពរួមគ្នាពីសារៈសំខាន់នៃទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរ ហើយថាកម្ពុជានិងឥណ្ឌូនេស៊ី មានសក្តានុពលជាច្រើនដែលអាចពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ទាំងវិស័យការទូត ពាណិជ្ជកម្ម អប់រំ កសិកម្ម ទេសចរណ៍ ជាពិសេសទំនាក់ទំនងប្រជាជន និងប្រជាជន ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរដូចគ្នា។

គួរបញ្ជាក់ដែរថា ឥណ្ឌូនេស៊ីឈរលេខរៀងទី៦ ក្នុង ចំណោមបរទេសដែលវិនិយោគនៅកម្ពុជា។ ទំហំពាណិជ្ជកម្មកម្ពុជានិងឥណ្ឌូនេស៊ី នៅឆ្នាំ២០២២ មានចំនួនជាង ៩៤៨ លានដុល្លារ។ នៅក្នុង ៤ខែដំបូង នៃឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៣៩២ លានដុល្លារអាមេរិក។ ឥណ្ឌូនេស៊ីជាទីផ្សារ ទទួលទិញអង្ករពីកម្ពុជា ផងដែរ។ ក្នុងន័យនេះ សម្តេចរដ្ឋសភាធិបតី បានលើកទឹកចិត្ត និងសំណូមពរដល់លោកឯកអគ្គរដ្ឋទូតពិចារណាក្នុងការជួយនាំផលិត ផលកសិកម្មពីកម្ពុជាឱ្យបាន់កាន់តែច្រើនបន្ថែមទៀត។

នៅខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសឥណ្ឌូនេស៊ីនឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាអាណត្តិថ្មី។ ក្រោយការបង្កើតបានរដ្ឋសភាថ្មីឥណ្ឌូនេស៊ីលោកសាន់តូ ដាម៉ូស៊ូម៉ាតូ ថានឹងខិតខំជំរុញទំនាក់ទំនងសភាប្រទេសទំាងពីរឱ្យមានការរីកចម្រើនបន្ថែមទៀត ទំាងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការលើវិស័យយេនឌ័រ ជាដើម៕

ដោយ៖ សូរិយា


ចែករំលែក៖