ព័ត៌មានទាន់ហេតុការណ៍៖

ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀ ដែលមិនមានច្បាប់អនុញ្ញាត ក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ ត្រូវរុះរើចេញ ក្នុងរយ:ពេល ១សប្តាហ៍!

ចែករំលែក៖

ខេត្តប៉ៃលិន ៖ រដ្ឋបាលស្រុកសាលាក្រៅ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់គ្រប់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ភេសជ្ជៈដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់ នៅក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ ឱ្យបានជ្រាបថា៖ កន្លងមករដ្ឋបាលស្រុក បាន សង្កេតឃើញមានការដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀជាច្រើននៅតាមបណ្តោយចិញ្ចើមផ្លូវសាធារណៈនានា ដោយ មិនមានច្បាប់អនុញ្ញាត ដែលបានធ្វើឱ្យបាត់បង់នូវសោភ័ណភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ។

ជាមួយគ្នានេះដែរ រដ្ឋបាលស្រុក សូមថ្លែងនូវការកោតសរសើរចំពោះការចូលរួមសហការពីបណ្តាម្ចាស់អាជីវកម្ម ! ភោជនីយដ្ឋាន អាហារដ្ឋាន និងភេសជ្ជៈដ្ឋានមួយចំនួនក្នុងការរុះរើជាបន្តបន្ទាប់ដែលជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រស្រុក សាលាក្រៅ។

ដើម្បីមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ជាពិសេសការលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងរក្សាបានសោភ័ណភាពក្នុង ភូមិសាស្ត្រស្រុកសាលាក្រៅ រដ្ឋបាលស្រុកសូមស្នើសុំឱ្យ លោក លោកស្រី ជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀទាំង អស់ ដែលមានការដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀនៅខាងមុខហាង ឬជាស្លាកយីហោហាងគ្រប់ប្រភេទ ដែលបានដាក់ តាំងផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈផ្ទុយនឹងច្បាប់បានកំណត់ ត្រូវរុះរើចេញជាបន្ទាន់ ដោយទុករយៈពេល ០១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់ដែលមិនបានធ្វើការរុះរើ រដ្ឋបាលស្រុកនឹងអនុវត្តន៍វិធានការរដ្ឋបាលតាមនីតិវីធី ធ្វើការរុះរើ ដោយបន្ទុកចំណាយ និងរាល់ការខូចខាត គ្រប់ម្ចាស់អាជីវកម្ម ទាំងអស់ ជាអ្នកទទួលខុសត្រូវ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី មេត្តាជ្រាប និងចូលរួមសហការអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖