ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀល​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤។ 

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រសួងពាក់ព័ន្ធកំពុងតាមដាន វាយតម្លៃយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហាគ្រោះរាំងស្ងួត កង្វះខាតទឹកប្រើប្រាស់ធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត និងធ្វើការ ជួយសង្គ្រោះ បន្ទាន់លើបញ្ហានេះ។

-សម្ដេចធិបតី បានគូសបញ្ជាក់ថា រដ្ឋាភិបាលបន្តមិនយកពន្ធដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ការនាំចូលសម្ភារៈកសិកម្ម កសិផលផលិតកម្ម កសិផលកសិកម្ម។

-សម្ដេច​ធិបតី​ ថ្លែងបញ្ជាក់ថា​ ដោយសារតម្លៃស្រូវបានថ្លៃ ជាហេតុនាំឱ្យប្រជាកសិករ សម្រុកធ្វើស្រូវប្រាំងលើសផែនការ​ នឹងធ្វើឱ្យខ្វះខាតទឹកស្រោចស្រព។​ សម្ដេចធិបតី បានថ្លែងអំណរគុណដល់អាជ្ញាធរដែលបានខ្នះខ្នែងជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនៅតាមបណ្តាខេត្តបានទាន់ពេលវេលា។

-សម្តេចធិបតី ថ្លែងថា វិស័យកសិកម្ម នៅតែមានភាពរឹងមាំ ដែលបានជួយជំរុញដល់កំណើន សេដ្ឋកិច្ចជាតិ។ 

-សម្ដេច​ធិបតី​ ថ្លែងថា​ ក្រោយពេលផ្អាកការនាំចូលសាច់បង្កកមួយរយៈពេលខ្លី សម្ដេច​ ដាក់ក្ដីសង្ឃឹមថា នឹងអាចជួយសម្រាលបន្ទុកដល់កសិករកម្ពុជាដែលចិញ្ចឹមជ្រូក តាមរយៈការបញ្ជារទិញសាច់ក្នុងស្រុក។

-សម្ដេចធិបតី ថ្លែងថា ការបើកច្រកថ្មី ការបើកទីផ្សារថ្មីនៅប្រទេស នានាបន្ថែមជាការល្អ ប៉ុន្តែសំខាន់ត្រូវថែរក្សាទីផ្សារចាស់ឱ្យបានល្អ និងរឹងមាំ។

-សម្ដេចធិបតី​ ថ្លែងថា បើកម្ពុជាអាចផលិត ហើយវេចខ្ចប់នាំចេញបានដោយខ្លួនឯង កម្ពុជានឹងអាចបានផលច្រើនចំណេញច្រើនជាងនាំចេញផលិតផលឆៅចេញ។

-សម្ដេច​ធិបតី​ ថ្លែងថា​ រដ្ឋាភិបាលលើកលែងអាករតម្លៃបន្ថែមលើមុខទំនិញអារហារជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដល់ឆ្នាំ២០២៨។ ការផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ២ឆ្នាំបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២៥ ចំពោះសហគ្រាសដែលផលិតផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញឬសេវាកម្ម ដែលធ្វើការដាំដុះផលិតឬនាំចេញផលិតផល១៤មុខ មានស្រូវ អង្ករ គ្រាប់ពូជ សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទីរ ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុងស្រុកជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។

-សម្ដេចធិបតី ថ្លែងថា នៅក្នុងការស្វែងរកទីផ្សារលក់ផលិតផលកសិកម្ម សូមយកតែផលិតផលតែ ១មុខ ឬ ២មុខដែលចាំបាច់ និងអាចជាតម្រូវការ ទៅបង្ហាញនៅប្រទេ សនានាជាការល្អ ប្រសើរជាងយកទៅច្រើន ដែលធ្វើឱ្យប្រទេសនោះពិបាកនៅក្នុងការសម្រេច ហើយប្រទេសមួយចំនួនផ្សេងទៀត ក៏បាននាំចូលទៅកាន់ប្រទេសនោះរួចហើយដែរ។

-សម្ដេច​ធិបតី​ ថ្លែងថា​ អ្នកវិនិយោគមកពីជប៉ុន មកពីស្វីស ចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។

-សម្ដេច​ធិបតី​ អំពាវនាវឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ចំនួន​ ៦ខេត្ត​ ដែលជាប់​បឹងទន្លេសាប​ ត្រូវ​ការការពារតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប មិនមែនការពារដើម្បីផលប្រយោជន៍របស់បុគ្គលណាម្នាក់សម្រាប់រយៈពេលខ្លីនោះទេ ពោលគឺការពារដើម្បីផលប្រយោជន៍សម្រាប់កម្ពុជារយៈពេលវែង។

-សម្ដេច​ធិបតី​ គូសបញ្ជាក់​ថា បើកម្ពុជាមិនការពារបឹងទន្លេសាបទេ កម្ពុជា នឹងបាត់បង់ចំណាត់ថ្នាក់បឹងទឹកសាបដែលធំជាងគេលើពិភពលោក ហើយអាចនឹងក្លាយជាបឹងទឹកសាបដែលតូចជាងគេលើពិភពលោកវិញ។

នាឱកាសនោះដែរ​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងអំណរគុណចំពោះសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានសម្រេចឱ្យផ្អាកជាបណ្ណោះអាសន្ន ក្នុងរយៈ ពេល ៦ ខែ ចំពោះការនាំចូលគ្រឿងក្នុងសត្វពីប្រទេសដទៃមកកម្ពុជា។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា​ ក្រសួងគ្រោងបង្កើតឱ្យមាន បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្ម ដើម្បីជំរុញការងារស្រាវជ្រាវលើវិស័យនេះនៅកម្ពុជា។

លោករដ្ឋមន្ត្រី ថ្លែងថា​ ក្រសួងគ្រោងបង្កើតឱ្យមានម ន្ទីរពិសោធន៍កសិកម្មជាតិ ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងនានា និងជួយដល់ប្រជាកសិករ។

លោករដ្ឋមន្ត្រី​ ថ្លែងថា​ នៅរដូវប្រមូលផលស្រូវ រដ្ឋ បានចាត់វិធានការចុះទិញស្រូវជាមុន ដើម្បីបង្ការទប់ស្កាត់កុំឱ្យតម្លៃស្រូវចុះថោក៕

ដោយ​៖ ស​ តារា


ចែករំលែក៖