កិច្ចព្រមព្រៀងរយៈពេល 20 ឆ្នាំថ្មីរវាងអុីរ៉ង់ នឹងរុស្ស៊ីអាចផ្លាស់ប្តូរទិដ្ឋភាពនៃមជ្ឈិមបូព៌ានិងអឺរ៉ុបខាងត្បូង ពីព្រោះអុីរ៉ង់នឹងមានឥទ្ធិពលយោធាកាន់តែទូលំទូលាយ។
គេហទំព័រព័ត៌មាន Oilprice.com បានដកស្រង់ប្រភពជាន់ខ្ពស់ពីសហភាពអឺរ៉ុបនិងប្រភពមួយនៅក្នុងវិស័យថាមពលរបស់ប្រទេសអុីរ៉ង់បាននិយាយថា មេដឹកនាំកំពូលរបស់អុីរ៉ង់លោក Ali Khamenei នាពេលថ្មីៗនេះបានអនុម័តជាផ្លូវការនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរយៈពេល 20 ឆ្នាំរវាងប្រទេសនេះ នឹងរុស្ស៊ី។
កិច្ចព្រមព្រៀងរយៈពេល២០ឆ្នាំត្រូវបានដាក់ជូនលោក Khamenei ដើម្បីពិចារណាកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំមុន។ វានឹងជំនួសកិច្ចព្រមព្រៀងរយៈពេល 10 ឆ្នាំដែលបានចុះហត្ថលេខាក្នុងខែមីនា ឆ្នាំ2001 (បានពង្រីកពីរដងសម្រាប់រយៈពេលប្រាំឆ្នាំ) ហើយត្រូវបានពង្រីកមិនត្រឹមតែក្នុងរយៈពេលប៉ុណ្ណោះទេ ថែមទាំងក្នុងវិសាលភាពនិងទំហំផងដែរ ជាពិសេសក្នុងវិស័យការពារជាតិនិងថាមពល។ នៅក្នុងទិដ្ឋភាពមួយចំនួន កិច្ចព្រមព្រៀងថ្មីនេះបានបំពេញបន្ថែមនូវធាតុសំខាន់ៗនៃ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ 25 ឆ្នាំ អុីរ៉ង់-ចិន”។
គួរកត់សម្គាល់នៅក្នុងវិស័យថាមពល កិច្ចព្រមព្រៀងថ្មីផ្តល់ឱ្យរុស្ស៊ីនូវសិទ្ធិធ្វើអាជីវកម្មដំបូងនៅក្នុងតំបន់សមុទ្ររបស់អុីរ៉ង់ រួមទាំងតំបន់ Chalous ដ៏ធំដែលមានសក្តានុពលផងដែរ។ តំបន់អាង Caspian ដ៏ធំទូលាយ រួមទាំងវាលនៅលើគោក និងនៅឈូងសមុទ្រ ត្រូវបានប៉ាន់ប្រមាណថាអាចផ្ទុកប្រេងបានប្រមាណ 48 ពាន់លានធុង និងឧស្ម័នធម្មជាតិ 290 ពាន់ពាន់លានហ្វីតគូប (tcf) ។
សិទ្ធិរុករករ៉ែដំបូងស្រដៀងគ្នារបស់រុស្ស៊ីក៏នឹងអនុវត្តចំពោះអណ្តូងប្រេង និងឧស្ម័នសំខាន់ៗរបស់អុីរ៉ង់នៅ Khorramshahr និងខេត្ត Ilam ដែលនៅជិតខាងជាប់ព្រំដែនអុីរ៉ាក់។ អណ្តូងប្រេងរួមរបស់ប្រទេសអុីរ៉ង់ និងអុីរ៉ាក់បានអនុញ្ញាតឱ្យក្រុងតេអេរ៉ង់ជៀសវាងការដាក់ទណ្ឌកម្មលើឧស្សាហកម្មប្រេងដ៏សំខាន់របស់ពួកគេ ព្រោះវាមិនអាចដឹងថាប្រេងមួយណាមកពីប្រទេសអុីរ៉ង់ ឬអុីរ៉ាក់នោះឡើយ។ មានន័យថា អុីរ៉ង់អាចប្តូរឈ្មោះប្រេងដាក់ទណ្ឌកម្មរបស់ខ្លួនជាប្រេងអុីរ៉ាក់ដែលមិនត្រូវបានដាក់ទណ្ឌកម្ម ហើយបញ្ជូនទៅគ្រប់ទីកន្លែងដែលខ្លួនចង់បាន។
អតីតរដ្ឋមន្ត្រីប្រេងអុីរ៉ង់ លោក Bijan Zanganeh បានសង្កត់ធ្ងន់ជាសាធារណៈនូវការណ៍ពិតនេះក្នុងឆ្នាំ ២០២០៖ “អ្វីដែលយើងនាំចេញមិនមែនក្នុងនាមអុីរ៉ង់ទេ។ ឯកសារ និងលក្ខណៈបច្ចេកទេសត្រូវបានផ្លាស់ប្តូរជាច្រើនដង។ អត្ថប្រយោជន៍មួយទៀតនៃការជីកយករ៉ែរួមគ្នាគឺថាពួកគេអនុញ្ញាតឱ្យមានចលនាដោយសេរីនៃបុគ្គលិកពីភាគីអុីរ៉ង់ទៅកាន់ភាគីអុីរ៉ាក់៕ ដោយ៖ ធីរីណា
រូបថត៖ AFP