ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវរួមគ្នាថែរក្សាបឹងទន្លេសាបឱ្យបានដើម្បីផលប្រយោជន៍ប្រជាជនទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាទៅស្ថាប័នជំនាញឱ្យរៀបចំគូសផែនទីតំបន់ការពារបឹងទន្លេសាប និងរៀបចំបោះបង្គោលការពារនៅតំបន់នោះឡើងវិញ នៅក្រោយរៀបចំផែនទីតំបន់ការពាររួចដើម្បីរួមគ្នាថែរក្សាបឹងទន្លេសាបឱ្យបានដើម្បីផលប្រយោជន៍ប្រជាជនទូទាំងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាអភិរក្សបឹងទន្លេសាប ត្រូវការពារឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាប ជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ។

លើសពីនេះទៀត សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការប្តេជ្ញាចិត្តក្នុងការការពារបឹងទន្លេសាប ដើម្បីទុកចិញ្ចឹមប្រជាជនទូទាំងប្រទេស ហើយរាជរដ្ឋាភិបាលនឹងខិតខំរកលទ្ធភាពដើម្បីស្តារបឹងទន្លេសាបបន្ថែមទៀត។ ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យអាជ្ញាធរខេត្តជាប់បឹងទន្លេសាប ត្រូវតែទប់ស្កាត់ការទន្រ្ទាន្តដីតំបន់៣ឱ្យបានផងដែរ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ៖ ក្រសួងពាក់ព័ន្ធកំពុងតាមដាន វាយតម្លៃយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហាគ្រោះរាំងស្ងួត កង្វះខាតទឹកប្រើប្រាស់ធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត និងធ្វើការ ជួយសង្គ្រោះ បន្ទាន់លើបញ្ហានេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបន្តថា ៖  នៅក្នុងការស្វែងរកទីផ្សារលក់ផលិតផលកសិ កម្ម សូមយកតែផលិតផលតែ ១ មុខ ឬ ២ មុខដែលចាំបាច់ និងអាចជាតម្រូវការ ទៅបង្ហាញនៅប្រទេ សនានាជាការល្អ ប្រសើរជាងយកទៅច្រើន ដែលធ្វើឱ្យប្រទេសនោះពិបាកនៅក្នុងការសម្រេច ហើយ ប្រទេសមួយចំនួនផ្សេងទៀត ក៏បាននាំចូលទៅកាន់ប្រទេសនោះរួចហើយដែរ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាឱ្យចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅជុំវិញតំបន់បឹង ទន្លេសាបជូនប្រជាពលរដ្ឋនៅទីនោះ ឱ្យបានលឿន ច្បាស់លាស់ និងឱ្យចប់សព្វគ្រប់ ៕

ដោយ ៖ សិលា


ចែករំលែក៖