ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ ការអន្តរាគមន៍មិនមែនជាវិធានការមួយដែលយើងចង់ធ្វើគ្រប់ពេលនោះទេ យើងត្រូវធ្វើយ៉ាងណាដើម្បីអោយមានចីរភាព និងដាក់ចេញនូវវិធីសាស្រ្តយ៉ាងណា ដើម្បីធានានូវការចិញ្ចឹមសត្វដែលមានភាពប្រកួតប្រជែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ នៅក្នុងពេលដែលយើងផ្អាកការនាំចូលបណ្តោះអាសន្ននូវសាច់បង្កក គឺយើងធ្វើយ៉ាងណាអោយអ្នកទិញសាច់បង្កកពីក្រៅ បង្វែរទៅភ្ជាប់ជាមួយកសិករក្នុងស្រុកវិញ ដើម្បីអាចទិញយកមកបង្កកតាមបច្ចេកទេស។ ប្រសិនបើថ្ងៃក្រោយមិនមានការហាមឃាត់ ក៏យើងអាចបង្កើតទីផ្សារប្រព័ន្ធចរន្តមួយនៃការផ្តត់ផ្គង់ផ្ទៃក្នុង ហើយកិច្ចការផ្គត់ផ្គង់ផ្ទៃក្នុងនេះគឺជាកិច្ចការសំខាន់ណាស់ ពោលនេះគឺជាទីផ្សារដែលផលិតនៅនឹងកន្លែង និងនាំចេញនៅនឹងកន្លែង។
នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ នោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យឯកជនអាចដើរបាន ទាល់តែមានបរិស្ថានមួយដែលពួកគេអាចរស់ដោយខ្លួនឯងបាន មិនមែនរាជរដ្ឋាភិបាលត្រូវតែជួយគ្រប់ពេលនោះទេ។ ដូច្នេះយើងត្រូវធ្វើយ៉ាងណាអោយប្រជាកសិករមានលទ្ធភាពក្នុងការប្រកួតប្រជែង ដែលយ៉ាងហោចណាស់ក៏អាចដោះស្រាយបាននូវតម្រូវការផ្ទៃក្នុង បើមិននិយាយពីការនាំចេញ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ វិធានការផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកមួយចំនួនរយៈពេល ៦ខែចាប់ពីខែមីនាតទៅនេះ គឺធ្វើឡើងដើម្បីលើកកម្ពស់ការចិញ្ចឹមសត្វ និងជំរុញឱ្យផលិតផលសាច់ក្នុងស្រុកមានទីផ្សារ។
តែយ៉ាងណា សម្តេចធិបតី បានបញ្ជាក់ថា វិធានការនេះមិនមែនអនុវត្តជានិរន្តរនោះទេ។ សម្តេចធិបតី បានលើកឡើងថា ការផ្អាកការនាំចូលបំណែកគ្រឿងក្នុងសាច់បង្កកជាបណ្តោះអាសន្ននេះ គឺជាជម្រើសមួយដ៏ល្អសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកចិញ្ចឹម និងអ្នកទិញ បើទោះបីវិធានការត្រូវបានដកចេញក៏ដោយ ជាពិសេសជំរុញឱ្យមានបង្កើនការចិញ្ចឹមសត្វ ហើយក៏ជាការជំរុញឱ្យប្រជាកសិករពង្រឹងលើការចិញ្ចឹមសត្វប្រកបដោយបច្ចេកទេស និងមានគុណភាព។
សម្តេចធិបតីថ្លែងដូច្នេះថា៖ «ការអន្តរាគមន៍នេះមិនមែនជាវិធានការមួយ សម្រាប់តែមានចីរភាពដែលយើងចង់ធ្វើគ្រប់ពេលវេលានោះទេ យើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យមានចីរភាព វិធីសាស្ត្រយ៉ាងណាដើម្បីធានានូវការចិញ្ចឹមសត្វមានការប្រកួតប្រជែង»។
សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាបង្កើនភាពប្រកួតប្រជែង និងរួមគ្នាទប់ស្កាត់ការនាំចូលសាច់បង្កកពីក្រៅប្រទេស ៕
ដោយ ៖ សិលា