ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាត់វិធានការ គណនី Facebook ឈ្មោះ អាចារ្យ ឃ្លាំងមឿង បង្ហោះ ឯកសារដែលកំពុងស្ថិតក្នុងការស៊ើបអង្កេតដែលជា ឯកសារសម្ងាត់ដើម្បីការពារសិទ្ធិរបស់បុគ្គលពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាត់វិធានការ គណនី Facebook ឈ្មោះ អាចារ្យ ឃ្លាំងមឿង បង្ហោះ ឯកសារដែលកំពុងស្ថិតក្នុងការស៊ើបអង្កេតដែលជា ឯកសារសម្ងាត់ដើម្បីការពារសិទ្ធិរបស់បុគ្គលពាក់ព័ន្ធ ។ នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់ខ្លួននៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ។ 

អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ៖ នាពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានគណនី Facebook ឈ្មោះ អាចារ្យ ឃ្លាំងមឿង មានតំណរភ្ជាប់ ID =100075593720370&mibextid=kFxxJD និងគណនី Linked In ឈ្មោះ Cambodia-Laos Freelance Researcher’s បានបង្ហោះសារតាមបណ្តាញសង្គម និង បញ្ចេញមតិក្នុងទំព័រហ្វេសប៊ុក National Bank of Cambodia ដែលមានខ្លឹមសារថា “ធនាគារABA និង បុគ្គលិកមួយចំនួនតូចដែលមានឈ្មោះ វក វឌ្ឍនៈ ជាប្រធានបណ្ដឹងនិងដំណោះស្រាយវិវាទរបស់ធនាគារ ABAនេះតែម្តង មិនទាន់បានចូលខ្លួនដោះស្រាយស្របច្បាប់ ឬតុលាការមិនទាន់ផ្ដល់យុត្តិធម៌ដល់គ្រួសារខ្ញុំទេ ធនាគារ ABA វក វឍ្ឍនៈនិងអ្នកពាក់ព័ន្ធនៅតែជាជនល្មើសខុសច្បាប់របស់គ្រួសារខ្ញុំជានិច្ច។ គ្រួសារខ្ញុំដែល រងការចោទប្តឹងពីសំណាក់ធនាគារABA និង ឈ្មោះវក វឌ្ឍនៈជាប្រធានបណ្ដឹង បានប្ដឹងចោទសមាជិកគ្រួសាររបស់ខ្ញុំជាចោរលួចលុយធនាគារABA តាមរយៈអគ្គនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក សុខ នីត្យាជាប្រធាននាយកដ្ឋាន បានចោទទាំងបំពានច្បាប់ បំភ្លើសការពិត បង្អួចឈ្មោះជនរងគ្រោះយ៉ាង ធ្ងន់ធ្ងរ យើងខ្ញុំជាគ្រួសារជនរងគ្រោះសង្ឃឹមយ៉ាងមុតមថា តុលាការបន្តនិតិវិធីច្បាប់ដល់ជនល្មើសច្បាប់ហើយ ផ្តល់យុត្តិធម៌ដល់សមាជិកគ្រួសារខ្ញុំ” ។

នាយកដ្ឋានប្រឆាំងបទល្មើសល្មើសបច្ចេកវិទ្យា សូមធ្វើការបំភ្លឺជូនសាធារណៈជន និងបណ្តាញ សារព័ត៌មានឱ្យបានជ្រាបថា ឯកសារដែលបានបង្ហោះដោយគ្មានការអនុញ្ញាតខាងលើគឺជាការស្នើសុំវត្តមាន របស់បុគ្គលពាក់ព័ន្ធនឹងករណីដែលស្ថិតក្នុងការស្រាវជ្រាវរបស់នាយកដ្ឋាន ដើម្បីកោះហៅមកបំភ្លឺ ដោយពុំទាន់ មានការចោទប្រកាន់ណាមួយនោះទេ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការបដិសេដទាំងស្រុងលើការបង្ហោះផ្សព្វផ្សាយ របស់គណនីបណ្តាញសង្គមខាងលើ ថានាយកដ្ឋានបានចោទទាំងបំពានច្បាប់ បំផ្លើសការពិត បង្អួចឈ្មោះ របស់សាច់ញាតិខ្លួន ដែលនាំឱ្យមានការយល់ច្រឡំពីសាធារណៈជន និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់នាយកដ្ឋាន។ បន្ថែមពីនេះ នាយកដ្ឋាននឹងធ្វើការស្រាវជ្រាវ ព្រមទាំងចាត់ការតាមនីតិវិធីទៅលើការ បែកធ្លាយ និងការបង្ហោះឯកសាររបស់ស្ថាប័នរដ្ឋ ជាពិសេសឯកសារដែលកំពុងស្ថិតក្នុងការស៊ើបអង្កេតដែលជា ឯកសារសម្ងាត់ដើម្បីការពារសិទ្ធិរបស់បុគ្គលពាក់ព័ន្ធ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងសាធារណៈជនទាំងអស់ មេត្តាជ្រាបជា ព័ត៌មាន និងសូមមេត្តាកែតម្រូវ ឬលុបចោលអត្ថបទដែលបានបង្ហោះនូវព័ត៌មានមិនពិតខាងលើនេះ៕ 

ដោយ ៖ សិលា


ចែករំលែក៖