ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៣ទិន្នផលកសិកម្មនៅកម្ពុជាមានកំណើនខ្ពស់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ ខណៈពេលដែលពិភពលោកប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំង ដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ និងការព្រួយបារម្ភអំពីសន្តិសុខស្បៀង ដែលញ៉ាំងឱ្យប្រទេសមួយចំនួន ឈានទៅដល់ការដាក់កម្រិតការនាំចេញស្បៀងអាហារក្តី ក៏វិស័យកសិកម្មនៅកម្ពុជា នៅតែសម្រេចបានកំណើនល្អ នៅក្នុងឆ្នាំ២០២៣។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ជាក់ស្តែងវិស័យដំណាំសម្រេចបាន ៣៦,៨១លានតោន កើនបាន ៦% បើប្រៀបធៀបនៅឆ្នាំ២០២២ ក្នុងនោះដំណាំស្រូវបាន១២,៤៩ លានតោន និងអធិរេកចំនួន ៦,៩៩ លានតោន។ កម្ពុជាបាននាំចេញផលិតផលកសិកម្មមានជាង ៨,៨២លានតោន ដែលមានតម្លៃប្រមាណ ៤,៨ពាន់លានដុល្លារអាមេរិក ទៅកាន់គោលដៅ ៧៨ប្រទេស ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៥៦ពាន់តោន កើនឡើងជាង ៣% ឆ្នាំ២០២៣ ហើយអ្វីដែលសំខាន់ជាងនេះ គឺប្រជាកសិករទូរទាំងប្រទេស សប្បាយរីករាយដោយទទួលបានប្រាក់ចំណេញពីការលក់ស្រូវបានតម្លៃខ្ពស់។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញនិងលើកទឹកឲ្យក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាធានាចីរភាព និងនិរន្តរភាពនៃការអភិវឌ្ឍវិស័យកសិកម្ម ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញលើកទឺកចិត្តដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ក្នុងការកាត់បន្ថយ ផលប៉ះពាល់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដើម្បីធានាចីរភាព និងនិរន្តរភាព នៃការអភិវឌ្ឍវិស័យកសិកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវសហការផ្តល់ព័ត៌មានអំពីការព្យាករណ៍អាកាសធាតុ ជាពិសេសទឹកជំនន់ និងគ្រោះរាំងស្ងួតឲ្យបានទៀងទាត់ និងទាន់ពេលវេលា ព្រមទាំងជួយសិក្សា និងការកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីគ្រប់គ្រងទឹកជំនន់រដូវវស្សា និងរក្សាទឹកទុកសម្រាប់ប្រព័ន្ធស្រោចស្រព និងការប្រើប្រាស់នៅរដូវប្រាំង។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់កិច្ចសហការល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចុះបញ្ចីដីរដ្ឋ ដូចជា ដីសម្បទានសេដ្ឋកិច្ច ដីព្រៃសហគមន៍ ចំការឈើដាំ សហគមន៍នេសាទ និងកន្លែងអភិរក្សជលផលឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់ និងគ្រប់គ្រងប្រើប្រាស់ជាប្រយោជន៍ដល់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។ 

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការកែទម្រង់ស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនល្បឿនក្នុងការអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសត្រូវជំរុញការបង្កើនសមត្ថភាពវិទ្យាស្ថាន និងមន្ទីរពិសោធន៍កសិកម្ម ដើម្បីគាំទ្រការងារស្រាវជ្រាវកសិកម្ម និងលើកកម្ពស់ការចិញ្ចឹមសត្វ៕

ដោយ ៖ សិលា


ចែករំលែក៖