ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងរៀបចំបញ្ចូលសហព័ទ្ធ ឬកូនក្នុងបន្ទុករបស់សមាជិកបេឡាជាតិសន្តិសុខសង្គម“បសស” ផ្នែកថែទាំសុខភាព របបភាគទានដោយស្ម័គ្រចិត្ត

ចែករំលែក៖

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងរៀបចំបញ្ចូលសហព័ទ្ធ ឬកូនក្នុងបន្ទុករបស់សមាជិកបេឡាជាតិសន្តិសុខសង្គម“បសស” ផ្នែកថែទាំសុខភាព របបភាគទានដោយស្ម័គ្រចិត្ត ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ។ 

អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកអង្គម្ចាស់ លោក លោកស្រី ដែលជាមន្ត្រីក្របខ័ណ្ឌ​ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ទាំងអស់ជ្រាបថា អគ្គលេខាធិការដ្ឋានរដ្ឋសភានឹងរៀបចំបញ្ចូលសហព័ទ្ធ ឬកូនក្នុងបន្ទុករបស់សមាជិកបេឡាជាតិសន្តិសុខសង្គម“បសស” ផ្នែកថែទាំសុខភាព របបភាគទានដោយស្ម័គ្រចិត្ត។ ដើម្បីបំពេញនូវបែបបទបញ្ចូលសហព័ទ្ធ ឬកូនក្នុងបន្ទុក ជាសមាជិកបេឡាជាតិសន្តិសុខសង្គម “បសស” បាន​ សូម ឯកឧត្តម លោកជំទាវ អ្នកអង្គម្ចាស់ លោក លោកស្រី ដែលជាមន្ត្រីក្របខ័ណ្ឌ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖

ចំពោះសហព័ទ្ធ៖

-សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍

-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

-សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។

ចំពោះកូនក្នុងបន្ទុក៖

-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត(ក្រោមអាយុ១៥ឆ្នាំ)

-អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ(អាយុ១៥ឆ្នាំឡើង)

-សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។

បញ្ជាក់៖ ចំពោះមន្ត្រីក្របខ័ណ្ឌ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាសមាជិកបេឡាជាតិ សន្តិសុខសង្គម “បសស” (សូមភ្ជាប់ប័ណ្ណសម្គាល់សមាជិកបសស) និងនាំសហព័ទ្ធ ឬកូនក្នុងបន្ទុកទៅបំពេញ បែបបទនិងធ្វើការថតរូបនៅទីស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម “បសស” ដែលមានទីតាំង ផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬនៅតាមទីស្នាក់ការបសស” ដែលនៅជិតលោកអ្នក នៅពេលដែល ទទួលបានប័ណ្ណសូមធ្វើការថតចម្លងរួចបញ្ជូនមកនាយកដ្ឋានគ្រប់គ្រងបុគ្គលិកដើម្បីរៀបចំនីតិវិធីបន្ត។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ អ្នកអង្គម្ចាស់ លោក លោកស្រី​ ដែលជា មន្ត្រីក្របខ័ណ្ឌ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ មេត្តាចូលរួមសហការការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងតទៅ ៕ 

ដោយ ៖ សិលា


ចែករំលែក៖