ខេត្តកំពង់ធំ ៖ តំណក់ទឹកភ្នែកក្មេងស្រីម្នាក់យំហូរស្រក់ស្ទើរក្លាយជាសមុទ្រទៅហើយ ជាមួយដៃអោយប្អូនឱបពេញដើមទ្រូង មុខឪពុកដែលមានទឹកមុខស្រងូតស្រងាត់ លាយឡំទឹកភ្នែក គ្រាដែលម្តាយ ប្រពន្ធលាគ្មានថ្ងៃត្រឡប់។
មើលចុះ! ក្នុងស្ថានភាពជីវភាពដ៏ក្រលំបាក ផ្ទះដំបូលប្រក់មេឃ ជញ្ជាំងល្ហល្លេវមានតែខ្យល់ មានសំឡេងស្រែកទ្រហោយំ បានបន្លឺឡើងថា៖ …ទឹកភ្នែកកូន…ម៉ែប្រហែលមិនស្រឡាញ់កូនទេ…បានជាទៅចោលកូន កូនស្រូឡាញ់ម៉ែណាស់! ម៉ែកុំទៅចោលកូនចឹង … តើយើងអាចយល់ពីអារម្មរណ៍មួយនេះទេ ?
សូមបញ្ជាក់ថា ៖ ពិតជាគួរឱ្យសង្វេគពេកណាស់! ពេលទឹកភ្នែករាប់ពាន់តំណក់ស្រក់ធ្លាក់លើផែនថ្ពាល់របស់នាងតូចម្នាក់ ដែលយំយែកឱបប្អូនស្រី ហួសនិស្ស័យនៃទុក្ខព្រួយ ដែលនោះគឺភាពសោកសង្រេងអាល័យជីវិតម្តាយដែលបានចាកចោលនាងនិងប្អូនស្រីដោយគ្មានថ្ងៃវិលត្រឡប់ឡើយ ។
ក្នុងទិដ្ឋភាពជាក់ស្តែងកន្លែងកើតហេតុ នាងតូចស្រែកយំនិងនិយាយថា នាង«ចង់បានម៉ែ ហេតុអ្វីអ្នកម៉ែទៅចោលកូន ដោយគ្មានអាល័យ» ប្រហែលជាម៉ែមិនស្រឡាញ់កូនទេ ។
ចំណុចនេះហើយ ទើបគេវិលត្រឡប់ទៅ នឹកឃើញជាការណ៍ពិតនៃពាក្យទំនៀមមួយដែលគេធ្លាប់តែឮនោះ «គឺស៊ូស្លាប់បា កុំឱ្យស្លាប់មេ!» ពេលនេះកូននៅរងាគ្មានម្តាយអោបក្រសោប ផ្តល់ភាពកក់ក្តៅឡើយ។
ប្រយោគមួយឃ្លាពោលថា «ម្តាយឯណាមិនស្រឡាញ់កូន ស្រីឯណាមិនស្រឡាញ់ប្ដី » តែអ្វីៗមិនអាចត្រឡប់ក្រោយបានឡើយ ក្រោយពេលស្ត្រីម្នាក់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនចោលកូនតូចៗឱ្យនៅរងា ស្រែកយំទ្រហឹងពេញផ្ទះ ។
បើតាមគណនីហ្វេសប៊ុកមួយឈ្មោះ «ស្រេង សុជាតិ (Sreang Socheat)» បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមថា «ថ្ងៃនេះ សិស្សដ៏កម្សត់របស់ខ្ញុំបានជួបទុក្ខធំ ដោយសារបាត់បង់ម្ដាយជាទីស្រឡាញ់របស់គាត់ ដោយសារការធ្វើអត្តឃាត (ចង.ក) ។ ខ្ញុំពិតជាស្រណោះសម្ដីកូនណាស់ «ម៉ែប្រហែលមិនស្រឡាញ់កូនទេ បានម៉ែទៅចោលកូន» ។ ជីវិតដ៏សោកសៅនេះបានអំពាវនាវដល់ញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមពិធីបុណ្យសពដោយជ្រះថ្លាតាមសុទ្ធាផងចុះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ពិតជាគួរឱ្យអាណិតខ្លោចចិត្តដល់កូនតូចៗទាំង២នាក់បងប្អូននេះណាស់ ព្រោះតែគ្នាមិនទាន់ដឹងក្តី ស្រាប់តែស្ត្រីម្នាក់ដែលមានឈ្មោះថា «ម៉ែ» បែរជាឃ្លាតឆ្ងាយ គ្មានថ្ងៃវិលវិញដូច្នេះ ពោលគឺពិតជាគួរឱ្យសង្វេគពេកក្រៃ សឹងតែគ្មានវាចានឹងថ្លែង។
គ្រួសារមួយនេះ គឺតោកយ៉ាកដោយមានជីវភាពខ្វះខាត គឺផផ្ទះមានជញ្ចាំងរហែក រយីករយាកស្ទើរតែបិទបាំងមិនជិតផង ។
អ្នកគ្រូ ស្រេង សុជាតិ ដែលជាម្ចាស់គណនី បានប្រាប់សារព័ត៌មានឱ្យដឹងថា ៖ អ្នកគ្រូអាណិតពន់ពេកណាស់ ដោយសារកូនសិស្សរបស់អ្នកគ្រូរូបនេះឈ្មោះ លីម ស្រីឡាត់ អាយុជាង១០ឆ្នាំ បានទ្រហោយំព្រោះតែនឹកម្តាយ និងរៀបរាប់ទាំងក្តុកក្តួលថា ខ្ញុំចង់បានម៉ែ តែម៉ែប្រហែលមិនស្រឡាញ់កូនទេ ទើបបានម៉ែទៅចោលកូន ។ អត់ម៉ែហើយជីវិតក្រីក្រទៀត តើមានមិត្តភក្តិឯណារាប់រកខ្ញុំ ?
អ្នកគ្រូ ស្រេង សុជាតិ ដែលជាគ្រូបង្រៀនភាសាអង់គ្លេសរូបនេះបានបន្តថា «ប្អូនស្រីរូបនេះ អាចនឹងពិបាកខ្លាំងក្រោយពេលគ្មានម្តាយ ។ នាងគឺជាកូនទី៣ក្នុងចំណោមបងប្អូនចំនួន៤នាក់ ក្នុងនោះស្រី២នាក់ និងប្រុស២នាក់ ។ ចំពោះការសិក្សាវិញ ប្អូនស្រី លីម ស្រីឡាត់ គឺមធ្យម នាងតែងមករៀនបានទៀងទាត់ ហើយសព្វថ្ងៃនាងរៀនថ្នាក់ទី៤ ។ អ្វីដែលអ្នកគ្រូអាណិត ដោយសារតែនាងជាមនុស្សស្លូតបូត ឧស្សាហ៍ រួសរាយរាក់ទាក់ ពូកែសម្តី តែជាអកុសលពេលនេះបាត់បង់ម្តាយទាំងក្មេងវ័យដូច្នេះ» ។
បើងាកមកមើលផ្ទះរបស់នាងវិញ «គ្រួសាររបស់នាងមានការខ្វះខាត ជញ្ជាំងរហែកអស់ហើយ ឯបុរសជាឪពុកជាកសិករប្រឹងធ្វើការ២នាក់ប្តី-ប្រពន្ធ ១ថ្ងៃសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ ចុះពេលនេះនៅតែឪពុក តើជីវិតបងប្អូននាងទាំង៤នាក់នឹងទៅជាបែបណា? » ។
អ្នកគ្រូមិនបានឱ្យដឹងឡើយថា តើមូលហេតុអ្វីដែលម្តាយធ្វើអត្តឃាត ? ។
សូមរម្លឹកថា ៖ មនុស្សដែលមានជីវិត រស់នៅលើលោកសន្និវាសយើងនេះ គ្មាននរណាម្នាក់មានជីវិតអមតៈ មិនព្រមប្រគល់ខ្លួនទៅកាន់សមរភូមិមរណៈនោះឡើយ គឺមុននិងក្រោយ ទៅតាមអានុភាព កម្មផលតែប៉ុណ្ណោះ ។ ប៉ុន្តែការធ្វើអត្តឃាតសម្លាប់ខ្លួនឯង ជាមរណភាពមួយ ដែលព្រះមិនជួយ ។
សូមបងប្អូនអ្នកជិតខាងជួយទំនុកបម្រុង លើកទឹកចិត្តក្មេងៗ និងឪពុកពួកគាត់ ដែលក្រខ្សត់ហើយ មានវិបត្តិបែបនេះទៀត ពិសេសអាជ្ញាធរមូលដ្ឋានជួយចាត់ចែងតាមអ្វីដែលអាចជួយទៅបាន សម្រាប់រក្សាសីលធម៌ ខ្មែរជួយខ្មែរ ។ សូមជម្រាបថា ៖ ករណីនេះ មិនទាន់មានរបាយការណ៍ពីសមត្ថកិច្ចថាគាត់ចង ក ដោយសារមានវិបត្តិអ្វី ហើយកើតឡើងនៅវេលាណា ថ្ងៃណា …គឺទទួលបានការរៀបរាប់ពីគណនីហ្វេសប៊ុកមួយឈ្មោះ «ស្រេង សុជាតិ (Sreang Socheat)» បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម ថា ថ្ងៃនេះ សិស្សដ៏កម្សត់របស់ខ្ញុំបានជួបទុក្ខធំ ដោយសារបាត់បង់ម្ដាយជាទីស្រឡាញ់របស់គាត់ ដោយសារការធ្វើអត្តឃាត (ចង.ក) ។ គាត់ជាអ្នកគ្រូ របស់កុមារៗដែលម្តាយបានចែកឋានទៅនោះ ៕
ដោយ ៖ សិលា