ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដឹកនាំប្រតិភូ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដុងថាប់ និងអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ដឹកនាំលោកស្នងការរង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងកងកម្លាំង នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងអបអរសាទរ ក៏ដូចជាជូនពរដល់កម្លាំងកងទ័ពការពារព្រំដែនខេត្តដុងថាប់ និងប្រជាជនវៀតណាម នាឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ ។

នាឱកាសដ៏រីករាយប្រកបដោយភាពកក់ក្ដៅនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានសម្ដែងនូវការអបអរសាទរជាមួយថ្នាក់ដឹកនាំ និងកងកម្លាំង នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដុងថាប់ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០-១១-១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ។

លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនាមជាខេត្តភូមិផងរបងជាប់គ្នា ដែលស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដុងថាប់ សម្រេចបាននារយៈពេលកន្លងទៅ ធ្វើឲ្យបរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់ទូទៅនៃខេត្តទាំងពីរមានភាពល្អប្រសើរ និយាយជារួម និងដោយឡែក បានរួមគ្នាធ្វើការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលជាផ្នែកមួយយ៉ាងសំខាន់រួមចំណែកថែរក្សាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ៕

ដោយ ៖ សហការី


ចែករំលែក៖