ខេត្តសៀមរាប ៖ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះគ្រូចៅអធិកាវត្តរាជបូណ៌ ខេត្តសៀមរាប បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឲ្យមានប្រយោជន៍សម្រាប់ពុទ្ធសាសនា និងសង្គមជាតិ ហើយនៅតាមវត្តអារាមទាំងអស់ សូមរៀបចំវត្តអារាមឲ្យក្លាយទៅជាតំបន់ទេសចរណ៍តាមបែបពុទ្ធសាសនា ពិសេសគឺសូមបង្កើតឲ្យមានមូលនិធិមនុស្សធម៌តាមវត្តអារាម ដើម្បីចូលរួមចំណែកក្នុងការងារសង្គម និងមនុស្សធម៌។ នេះជាការបង្ហោះដោយផេក អង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។
អង្គភាព មន្ទីរព័ត៌មាន ខេត្តសៀមរាប បានបន្តថា ៖ ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើកទី៣១ នៅខេត្តសៀមរាប នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចព្រះព្រហ្មរតនមុនី បានគូសបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចិត្តចំពោះពុទ្ធបរិស័ទអ្នកគោរពប្រត្តិបត្តិ ដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្តទាំងពីរគណៈ ព្រះមន្ត្រីសង្ឃខេត្តក្រុងស្រុក គ្រប់ឋានានុក្រម ព្រះគ្រូចៅអធិការវត្តគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយទៀតផង។ វិស័យសាសនាមានការអភិវឌ្ឍន៍រីកចំរើនទៅបាន គឺត្រូវទាមទាពីការចូលរួមពីពុទ្ធបរិស័ទ ប្រជាពលរដ្ឋគ្រប់ស្រទាបវណ្ណៈ នៅគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិទាំងមូល ដើមី្បទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពុទ្ធបរិស័ទ។
សម្ដេចព្រះព្រហ្មរតនមុនី មានសង្ឃដីកាបញ្ជាក់ថា អនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១នេះ បានសម្រេចជាឯកច្ឆន្ទគាំទ្រនូវសង្ឃប្រកាសទូទាំងប្រទេសដែលមានខ្លឹមសារចំនួន៩ចំណុច ដើម្បីតម្រង់ទិស និងអនុវត្តនូវទិសដៅបន្តទៀត សម្រាប់ព្រះសង្ឃទូទាំងប្រទេសបានគ្រប់គ្រាន់ និងទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្ដេច បានផ្តាំផ្ញើដល់មន្ត្រីសង្ឃខេត្ត ក្រុង ស្រុង និងគ្រូចៅអធិការវត្តទាំងអស់ ត្រូវពង្រឹង និងលើកកិត្យានុភាពព្រះពុទ្ធសាសនា, តម្រង់ទិសដល់ពុទ្ធបរិស័ទក្នុងការប្រតិបត្តិធម្មវិន័យ, ពិនិត្យផ្ទៀងផ្ទាត់ធម្មវិន័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គ , ពង្រឹងការអប់រំមនុស្សតាមបែបព្រះពុទ្ធសាសនា, លើកកម្ពស់ក្រមសីលធម៌សង្គម, ពង្រឹងសាមគ្គីភាពពុទ្ធបរិស័ទ, ផ្សារភ្ជាប់ព្រះពុទ្ធសាសនានឹងសង្គម និងកំណត់ទិសដៅការអនុវត្តបន្ត។ ម៉្យាងទៀតក៏ត្រូវចូលរួមអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ ទប់ស្កាត់មិនឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំឲ្យមានកើតឡើងក្នុងទីវត្តអារាមរបស់ខ្លួន។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត បានលើកឡើងថា ក្នុងការពង្រឹងវិស័យសាសនា ត្រូវមានការកែលម្អបន្ថែមលើវិន័យសង្ឃ បន្តលើទឹកចិត្តមន្រ្តីសង្ឃនិងព្រះសង្ឃនៅតាមទីវត្តអារាមក្នុងខេត្ត ដើម្បីចុះអប់រំសីលធម៌ ចរិយាធម៌និងធម្មវិជ្ជាដល់កុលបុត្រ កុលធិតាក្នុងស្ថាប័នអប់រំ,បង្កើតសាសាធម្មវិន័យ ពុទ្ធិកសិក្សា, ពង្រឹងសាមគ្គីភាព, ពិសេសវិស័យសង្ឃក្នុងការផ្សព្វផ្សាយគ្រប់រូបភាពតាមប្រព័ន្ធសង្គម។ វិស័យព្រះពុទ្ធសាសនា មានភាពរីកចម្រើនជាខ្លាំង ប៉ុន្តែយើងក៏នៅមានការងារច្រើនទៀតដែលត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹងគុណភាពបន្ថែមទៀត។ ហើយក៏ជាប្រភពបណ្តុះបណ្តាលនូវបញ្ញាញាណ ជាថ្នាលបណ្តុះធនធានបញ្ញាជន ជាប្រវត្តិសាស្ត្រ និងបទពិសោធន៍ បង្ហាញឲ្យឃើញថា វត្ដអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែក ក្នុងការកសាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ ចរិយាធម៌ ដើម្បីឲ្យមានការអភិវឌ្ឍន៍សង្គមកិច្ច សេដ្ឋកិច្ច ប្រកបដោយសមធម៌ ក្នុងនោះត្រូវអភិវឌ្ឍន៍ផ្នែកអប់រំជាចម្បង។
តាមសេចក្តីរាយការណ៍របស់មន្ទីរធម្មការ និងសាសនាខេត្ត បានបញ្ជាក់ថា នៅខេត្តសៀមរាប មានព្រះពុទ្ធសាសនាពីរនិកាយ គឺគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ និងមានវត្តអារាម ចំនួន២៦១វត្ត និងអាស្រម ១៨កន្លែង ដែលមានព្រះសង្ឃ ៥ពាន់១៦អង្គ។ ក្នុងនោះដែរក៏មានសាសនាផ្សេងៗដូចជា៖ សាសនាឥស្លាម ស៊ូរ៉ាវ សាសនាគ្រឹស្ត សាសនាមហាយាន និងសាសនាបាហៃ៕
ដោយ ៖ សិលា