ខេត្តស្វាយរៀង ៖ ឆ្ងល់ហេតុអ្វី? រថយន្តដឹកសាច់បង្កក ៤កុងតឺន័រ អាចឆ្លងចូលពីវៀតណាម តាមច្រកទ្វារព្រំដែនដោយរលូន ត្រូវសមត្ថកិច្ចចាប់បាននៅស្រុករមាសហែក ខេត្តស្វាយរៀង ទោះបីសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យរួមគ្នាទប់ស្កាត់ការនាំចូលសាច់បង្កក ។
ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា សិក្សាទៅ ! នេះជាកំហុស នគរបាលច្រកព្រំដែន ឬ ការសមគំនិតគ្នា ?
សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ចាប់ពីខែមីនាខាងមុខនេះ រាជរដ្ឋាភិបាល សម្រេចផ្អាកការនាំចូលសាច់និងគ្រឿងក្នុងបង្កកជាបណ្តោះអាសន្នរយៈពេល៦ខែសិន !
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ចាប់ពីខែមីនាខាងមុខនេះ រាជរដ្ឋាភិបាល នឹងសម្រេចផ្អាកការនាំចូលសាច់ និងគ្រឿងក្នុងបង្កកក្នុងរយៈពេល៦ខែ ហើយសម្តេច បានជំរុញឱ្យគិតគូរពីការរៀបចំ បង្កកដោយខ្លួនឯង ទើបមិនមានបញ្ហាប្រឈមពេលបើកឱ្យនាំចូលសាច់បង្កកពីខាងក្រៅមកវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសម្រេចផ្អាកការនាំចូលសាច់និងគ្រឿងក្នុងបង្កកមួយរយៈពេលនេះ ពុំមែនជាវិធានការមួយដែលមានចីរភាពនោះទេ ប៉ុន្តែផ្ទុយមកវិញ យើងត្រូវខិតខំប្រឹងប្រែងរិះរកវិធីយ៉ាងណាដើម្បីឱ្យមានចីរភាព ធ្វើឱ្យការចិញ្ចឹមសត្វរបស់យើងមានការប្រកួតប្រជែង។
ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្នុងពេលដែលយើងផ្អាកការនាំចូលសាច់និងគ្រឿងក្នុងបង្កកជាបណ្តោះអាសន្ននេះដែរ យើងអាចបង្វែរទៅកាន់កសិកររបស់យើង ហើយរៀនបង្កកទៅតាមបច្ចេកទេសរបស់យើងវិញដែលនេះជាការជំរុញការផ្គត់ផ្គង់ផ្ទៃក្នុង មុនពេលដែលយើងបើកការនាំចូលសាច់និងគ្រឿងក្នុងបង្កកនេះឡើងវិញ៕
ដោយ ៖ សិលា