ព័ត៌មានទាន់ហេតុការណ៍៖

យប់មិញនេះមានរថយន្តយីឌុបដឹកលៀសចំណីសត្វចេញពីស្រុកក្រគរ ទៅប្រទេសវៀតណាម៤គ្រឿង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ យ៉ាងតិចមានរថយន្តយីឌុប(ភ្លៅ៤.ភ្លៅ៥និងភ្លៅ៦)ចំនួន០៤គ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនលៀសចំណីសត្វទៅប្រទេសវៀតណាម ។

    ប្រភពដដែលរាយការណ៍ឲ្យដឹងទៀតថា រថយន្តយីឌុបដឹកលៀសចំណីសត្វខាងលើ បានធ្វើសកម្មភាពលើកលៀសឡើងនៅក្បែរៗទីរួមស្រុកក្រគរ ដែលលៀសទាំងអស់នេះគេដឹកមកពីបឹងទន្លេសាប តាមរយៈកាណូតយកមកមាត់កំពង់ដ ស្ថិតក្នុងភូមិ៤ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយមានរថយន្តចំណុះ៥តោនដឹកបន្តទៅលើកដាក់ឡើងលើរថយន្តដែលបានរៀបរាប់ខាងលើ រួចបន្តទៅប្រទេសវៀតណាម តាមច្រកទ្វារក្អមសំណ(កម្ពុជា-វៀតណាម)។

    ប្រភពបញ្ជាក់ទៀតថា នេះជាករណីធ្ងន់ធ្ងរណាស់ធនធានជលផល(អេកូឡូស៊ី) បើមិនវិនាសហិនហោចទេទើបជារឿងចម្លែក។ សូមបញ្ជាក់ផងដែរថា ក្រុមឈ្មួញដដែលៗដូចគ្នាមន្រ្តីស្ថាប័នពាក់ព័ន្ធដែរ ហើយកន្លងមកគេសង្កេតឃើញមានសមត្ថកិច្ចចុះទប់ស្កាត់ និងការបង្រ្កាបខ្លះៗដែរ ប៉ុន្តែដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ។ ដូច្នេះរដ្ឋមន្រ្តីក្រសួងកសិកម្ម គួរមានវិធានការហើយ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖