ខេត្តព្រះសីហនុ៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ករណីសំណុំរឿងព្រហ្មទណ្ឌលេខ ៨១៦ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ដែលជនត្រូវចោទចំនួន ៧នាក់ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះចោទប្រកាន់ពីបទល្មើសរក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងបទល្មើសសម្អាតប្រាក់ ប្រព្រឹត្តនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ អំឡុងឆ្នាំ២០២១ ឆ្នាំ២០២២។ វត្ថុតាងគ្រឿងញៀនទម្ងន់ ៨៧១គីឡូ ២០០ក្រាម ទ្រព្យសម្បត្តិ សម្ភារមួយចំនួន និងប្រាក់ដុល្លារចំនួន ៩៥,៦៤៤.៨៦USD។
ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តព្រះសីហនុ បានប្រកាសសាលក្រមលេខ ២៧/០២ ក្រ១ “ក” ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយសម្រេចផ្តន្ទាទោសដូចខាងក្រោម៖
*១-ឈ្មោះ ភូណា (PHOU NA) ហៅ XIAO FU ឬ ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ
*២-ឈ្មោះ តុង ពូជីន (DONG BU JUN) ហៅ DONG XIAO CHUN ហៅ JUN GE ឬហៅ LAO DONG ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិ ចិន
*៣-ឈ្មោះ យ៉ាង ស៊ីថុន (YAN XI TONG) ហៅ ឡាវ យៀន (LAO YAN) ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន
*៤-ឈ្មោះ តុង ជាំងស៊ីន (DONG JIAN XIN) ហៅ AH SHU ភេទប្រុស អាយុ៧០ឆ្នាំ ជនជាតិចិន
*៥-ឈ្មោះ កូវ ជីពឹង (GAO ZHI BIN) ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន ៤៨ឆ្នាំ ជនជាតិចិន
*៦-ឈ្មោះ លី យ៉ុងស៊ីន (LI YONG XIN) ភេទប្រុស អាយុ
*៧-ឈ្មោះ ចុង ជៀនលីន (ZHONG JIAN LIN) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន។
ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាខេត្តព្រះសីហនុ ផ្តន្ទាទោសជនជាប់ចោទទាំង ៧នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ២០ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤០លានរៀល ពីបទ រក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងបទ សម្អាតប្រាក់ ប្រព្រឹត្តនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមមាត្រា៤៨ កថាខណ្ឌទី៦ ចំណុចទី១ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។ និងសម្រេចរឹបអូសវត្ថុចាប់យកមាន៖ កប៉ាល់ ១គ្រឿង, អូប័រ ៥គ្រឿងទូកឈើ ១គ្រឿង, រថយន្ត ១គ្រឿង, ម៉ូតូ ៣គ្រឿង, ប្រាក់ដុល្លា ៩៥៦៤៤៨៦USD (ប្រាំបួនម៉ឺនប្រាំពាន់ប្រាំមួយរយសែសិបបួន ក្បៀសប៉ែតសិបប្រាំមួយ ដុល្លារសហរដ្ឋអាមេរិក) និងគ្រឿងញៀនទាំងអស់ សម្រេចរឹបអូសបំផ្លាញចោល។ ចំពោះជនជាប់ចោទជាជនជាតិចិន ទាំង០៦នាក់ខាងលើ នឹងត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីអនុវត្តទោសចប់៕
ដោយ៖ តារា