រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានបន្តដាក់រដ្ឋក្នុងភាពអាសន្នរយៈពេល៦ខែទៀត ក្នុងបរិបទនៃជ័យជម្នះរបស់ក្រុមឧទ្ទាមជាប់ៗគ្នា មកលើទាហានរដ្ឋាភិបាល។សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា មេដឹកនាំរបបសឹក លោក Min Aung Hlaing បាននិយាយថាយោធាមីយ៉ាន់ម៉ានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបង្រ្កាបក្រុមអ្នកប្រឆាំងនឹងអំណាច ដឹកនាំរបស់ខ្លួន បន្ទាប់ពីរបបសឹកប្រកាសពន្យារការដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលនឹងអាចនាំទៅរកការលើកពេល ការរៀបចំការបោះឆ្នោតដូចគ្នាដែរ។
មីយ៉ាន់ម៉ា ដែលជាសមាជិកអាស៊ានផងនោះ បានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សា ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំ២០២១។ ប៉ុន្តែ ៣ឆ្នាំ ក្រោយរដ្ឋប្រហារនេះ របបសឹកយោធាមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ធំបំផុតមិនធ្លាប់មាន ចំពោះអំណាចរបស់ខ្លួន ដោយបានបាត់បង់ទឹកដី ជាបន្តបន្ទាប់ទៅឱ្យក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច។ នៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃពុធ ទី៣១ ខែមករា លោក Min Aung Hlaing ក៏បានអះអាងដែរថាយោធាមីយ៉ាន់ម៉ានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីស្វែងរកស្ថិរភាពជូនប្រទេសជាតិឡើងវិញ។
បន្ថែមពីលើនេះ មុនសុន្ទរកថារបស់មេដឹកនាំរបបសឹក ក្រុមប្រឹក្សាសន្តិសុខការពារជាតិ និងសន្តិសុខជាតិមីយ៉ាន់ម៉ា បានឯកភាពគ្នាលើការពន្យារពេល ដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ខែបន្ថែមទៀត មុននឹងវិធានការនេះត្រូវអស់សុពលភាពនៅពាក់កណ្ដាលយប់ថ្ងៃពុធម្សិលមិញ។
គួរបញ្ជាក់ថា បើតាមអង្គការសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា មនុស្សជាង ៤,៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបរបស់យោធាមីយ៉ាន់ម៉ា និង២៥,០០០នាក់ត្រូវបានឃាត់ខ្លួន ចាប់តាំងពីមានរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១មក៕ ដោយ៖ ធីរីណា
រូបថត៖ AFP