ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តបញ្ជូនជនត្រូវចោទម្នាក់ទៅសាលាដំបូង​ខេត្ត​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបានបញ្ជូនជនសង្ស័យម្នាក់ប្រើប្រាស់អាវុធខុសច្បាប់ទៅសាលាដំបូងខេត្តនាថ្ងៃទី០១​ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សមត្ថកិច្ចប្រាប់ថា កាលពីវេលាម៉ោង២០និង៤០នាទី​ថ្ងៃ​ទី៣០​ ខែមករា​ ឆ្នាំ២០២៤​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ ឈឹម​ ប៊ុនឈឿម​ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថស្រុក​ភ្នំស្រុកបានចុះអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ​ ៖​ ៣៥​ ព្រ.ទI”ឆ”/២៤​ ចុះ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ២០២៤​ របស់លោក​ ឆឹម​ ឫទ្ធី​ ចៅក្រម​ស៊េីបសួរ​នៃសាលាដំបូងខេត្តបន្ទាយមានជ័យ​។

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានឱ្យដឹងថា ជនត្រូវចោទឈ្មោះ​ ណាន​ ឧត្តម​ ហៅ​ ដំ​ ភេទ​ប្រុស​ អាយុ​១៦ឆ្នាំ​ អាសយដ្ឋាន​បច្ចុប្បន្ន​នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក​ ពី​បទ​ធ្វើ​ឱ្យខូច​ខាត​ដោយ​ចេតនា​មានស្ថាន​ទម្ងន់​ទោស​ និងកាន់កាប់​ឫដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត​ ដែលប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៨ ខែសីហា​ ឆ្នាំ២០២៣​ នៅ​ចំណុច​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិរីសោភ័ណ​។ 

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានឱ្យដឹងទៀតថា ជនត្រូវចោទក្រោយពីឃាត់ខ្លួន ត្រូវបានកម្លាំងជំនាញបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនត្រូវចោទបច្ចុប្បន្នត្រូវបាន​ការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕ 

ដោយ ៖ វណ្ណា


ចែករំលែក៖