ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល លើកឡើងថា ភ្ញៀវទេសចរ អាចទៅកម្សាន្តនៅរមណីយដ្ឋាន អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិលបានដដែល

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រមណីយដ្ឋានអេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល គឺជារមណីយដ្ឋានបង្កើត ឡើងដោយសហគមន៍កាលពីឆ្នាំ២០០២ ស្ថិតនៅចំណុចអន្លង់ឈើទាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។ រមណីយដ្ឋានអេកូទេសចរណ៍នេះ មានបម្រើសេវា កម្មទេសចរណ៍ជូនភ្ញៀវជិះទូកទស្សនាសត្វផ្សោតទន្លេមេគង្គ និងបោះតង់សម្រាកកម្សាន្ត លើវាលខ្សាច់តាមកោះនានាបានផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ផយ វណ្ណា សមាជិកសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ នេះជាការលើកឡើងរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ។ 

លោកឱ្យដឹងថា ៖ កាលមុនឆ្នាំ១៩៩៣ នៅក្នុងតំបន់អន្លង់ផ្សោតព្រះរំកិលនេះ មានដើម ឈើទាល តូច-ធំ ដែលមានអាយុរាប់រយឆ្នាំ ជាច្រើនដើម ដុះលើច្រាំងទន្លេ ទើបអ្នកស្រុក ហៅទីនេះថា «អន្លង់ឈើទាល» បច្ចុប្បន្ននេះ មិនមានដើមឈើទាល នៅសេសសល់ ទៀតឡើយ។ ទោះជាមានឈ្មោះថា «អន្លង់ផ្សោត» ប៉ុន្តែ អន្លង់ផ្សោតព្រះរំកិលនេះ ពុំមានសត្វផ្សោតរស់នៅច្រើនឡើយ។ មុនឆ្នាំ២០២១ មានសត្វផ្សោតតែ ៣ក្បាលប៉ុណ្ណោះ រស់នៅទីនេះ។ តែគួរឱ្យសោកស្តាយ ដោយមានការរំខានទីជម្រកពីសំណាក់អ្នកនេសាទ និងការប្រែប្រួលលំហូរទឹក ពីទំនប់វារិអគ្គិសនី បានបណ្តាលឱ្យសត្វផ្សោតងាប់ជាបន្តបន្ទាប់ ហើយអំឡុងខែមិថុនា ឆ្នាំ២០២១ សត្វផ្សោតញីដែលនៅសេសសល់ចុងក្រោយទម្ងន់ ១៨០គីឡូក្រាម ប្រវែង ២៣០សង់ទីម៉ែត្រ ក៏បានងាប់បន្តទៀត ដោយសារជាប់ មងអ្នកនេសាទ។ ទោះយ៉ាងណា ភ្ញៀវទេសចរក៏នៅតែអាចទៅកម្សាន្ត នៅទីនោះបានដដែល ដោយប្តូរទៅជាការទស្សនាឆ្អឹងសត្វផ្សោត ដែលដាក់តាំង បង្ហាញនៅទីស្នាក់ការសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល និងផ្ទាំងរូបភាព ដែលបរិយាយអំពីរឿងនិទាននៃដើមកំណើតសត្វផ្សោត ឬក៏ទទួលយកសេវាកម្មជិះទូក កម្សាន្តមើលដើមឈើធំៗក្នុងទន្លេមេគង្គវិញក៏បាន។

លោក ផយ វណ្ណា បានបន្ថែមថា៖ «សហគមន៍អេកូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល មិនត្រូវងាប់តាមផ្សោតឡើយ»។ 

សូមបញ្ជាក់ថា ៖ តំបន់ទេសចរណ៍ ៦ កន្លែងនៅខេត្តស្ទឹងត្រែង នៅតែទាក់ទាញភ្ញៀវឲ្យទៅលេងមិនចេះដាច់ ។ 

តំបន់ទេសចរណ៍ចំនួន ៦ កន្លែងនៅខេត្តស្ទឹងត្រែង នៅតែទទួលបានការទាក់ទាញភ្ញៀវឲ្យទៅលេងមិនចេះដាច់ ដោយសារតែខេត្តមួយនេះសម្បូរទៅដោយធនធានធម្មជាតិមានទេសភាពស្អាតៗ សម្រាប់បម្រើដល់វិស័យទេសចរណ៍។

ខេត្តស្ទឹងត្រែងនេះ មានទន្លេរចំនួន ៤ បានហូរកាត់ រួមមាន៖ ទន្លេមេគង្គ ទន្លេសេសាន្ត ទន្លេសេកុង និងទន្លេស្រែពក។ លោកបានបញ្ជាក់ថា ដោយសារមានអំណោយផលពីធម្មជាតិផងនេះ ទើបខេត្តនៃភូមិភាគឦសានមួយនេះសំបូរទៅដោយរមណីយដ្ឋានធម្មជាតិ ដ៏ស្រស់បំព្រង ដែលកើតចេញពីព្រៃលិចទឹកខៀវស្រងាត់មានផ្ទាំងថ្មតូចធំជាច្រើននៅតាមទន្លេ និងបឹងបួរទើបធ្វើឲ្យខេត្តនេះសំបូរកន្លែងកម្សាន្ត លំហែរកាយ និងមានការទាក់ទាញភ្ញៀវទេសចរឲ្យមកលេងមិនចេះដាច់ ពិសេសថ្ងៃឈប់សម្រាកពីការ។

បច្ចុប្បន្ននេះខេត្តស្ទឹងត្រែងមានតំបន់ទេសចរណ៍ចំនួន ៦ កន្លែងដែលកំពុងស្រូបយកអ្នកទេសចរជាតិ និងអន្តរជាតិឲ្យមកលេងជាហូរហែរ។ តំបន់ទេសចរណ៍ទាំងនោះរួមមាន៖ តំបន់ទេសចរណ៍អន្លង់ផ្សោតឈើទាល តំបន់ព្រៃលិចទឹករ៉ាមសារ តំបន់ឧទ្យានជាតិវីរៈជ័យ តំបន់ទេចរណ៏ណ៍បូរីអូរស្វាយ តំបន់ទេចរណ៍អូរឫស្សីកណ្តាល និងតំបន់ទេសចរណ៍រមណីយដ្ឋានចំការក្រូច ដែលទៅដល់តំបន់នោះភ្ញៀវទេសចរអាចជិះទូកមើលត្រីផ្សោតដ៏កម្របង្ហាញខ្លួនឡើងលើផ្ទៃទឹកទន្លេមេគង្គដ៏អស្ចារ្យ សម្រាប់ភ្ញៀវទេសចរទស្សនាក៏ដូចជាជិះទូក មើលសត្វស្លាប មើលព្រៃលិចទឹក និងងូតទឹកលេងកម្សាន្ត ក្រោមម្លប់ឈើធំៗរាប់សិបពាន់ដើមអមដោយឆ្នេរខ្សាច់សក្បុះ និងអាចបោះតង់សម្រាកដោយសុខសាន្តថែមទៀតផង៕

ដោយ ៖ សិលា


ចែករំលែក៖