ក្លិប Fulham បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Armando Broja របស់ក្លិប Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលដែលនៅសល់។ Brojaវ័យ២២ឆ្នាំបានបង្ហាញខ្លួន១៩ដងនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ Chelsea ក្នុងយុទ្ធនាការនេះ ដោយស៊ុតបញ្ចូលទីបាន២គ្រាប់។ កីឡាករអន្តរជាតិអាល់បានីរូបនេះក៏ជាគោលដៅសម្រាប់ Wolves និង AC Milan ផងដែរក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវរងារ។
Broja បាននិយាយថា “វាមានអារម្មណ៍អស្ចារ្យណាស់ ខ្ញុំពិតជារីករាយណាស់ដែលបាននៅទីនេះ ហើយខ្ញុំមិនអាចរង់ចាំក្នុងការចាប់ផ្តើម ជួបជាមួយកីឡាករ និងអ្នកគ្រប់គ្រង និងលេងឱ្យអ្នកគាំទ្រ។ អ្នកគាំទ្រតែងតែដើរតួយ៉ាងសំខាន់ ហើយខ្ញុំមិនអាចរង់ចាំបានទៅ Craven Cottage ហើយជួបពួកគេទាំងអស់គ្នា។ ខ្ញុំនឹងខិតខំប្រឹងប្រែងឱ្យក្រុម និងបង្កើតចំណងមិត្តភាពពិតប្រាកដ។ ខ្ញុំពិតជាមានកិត្តិយស និងរំភើបណាស់ដែលបាននៅទីនេះ”។
កីឡាកររូបនេះបានខកខានពាក់កណ្តាលនៃរដូវកាល២០២២–២០២៣បន្ទាប់ពីបានដាច់សរសៃចងផ្នែកខាងមុខរបស់គាត់ក្នុងខែធ្នូ ឆ្នាំ២០២២។
Broja គឺជាកីឡាករយុវជនរបស់ក្លិប Chelsea ហើយបានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងការបង្ហាញខ្លួន៣៨ប្រកួតចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់គាត់ជាមួយនឹងក្រុម Everton ក្នុងខែមីនា ឆ្នាំ២០២០។
Fulham ឈរនៅលេខរៀងទី១២ក្នុងក្របខ័ណ្ឌ Premier League មាន៦ពិន្ទុតាមពីក្រោយ Chelsea ហើយមានតែក្រុមចំនួន៦ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីបានតិចជាងចំនួនសរុបរបស់ Cottages ដែលមាន២៨គ្រាប់ក្នុងឆ្នាំ២០២៣–២០២៤។
ទន្ទឹមនឹងនេះដែរ ខ្សែបម្រើ Andrey Santos របស់ Chelsea បានចូលរួមជាមួយក្លិប Strasbourg នៃ Ligue 1 របស់បារាំង ក្នុងលក្ខខ័ណ្ឌខ្ចីជើង។កីឡាករវ័យ១៩ឆ្នាំរូបនេះបានខ្ចីជើងនៅ Nottingham Forest នៅដើមយុទ្ធនាការនេះ ប៉ុន្តែបានបង្ហាញខ្លួនតែ២ប្រកួតប៉ុណ្ណោះមុនពេលត្រូវបាន Chelsea កោះហៅមកវិញក្នុងខែនេះ។
ក្លិបតែងតែមានគម្រោងខ្ចីជើង Santos ម្តងទៀតនៅរដូវកាលនេះ ដើម្បីបន្តការអភិវឌ្ឍន៍របស់គាត់។ Strasbourg ក៏ជាកម្មសិទ្ធិរបស់ Todd Boehly និង Behdad Egbahli ផងដែរ ដោយសហម្ចាស់ក្លិប Chelsea បានទិញភាគហ៊ុនភាគច្រើននៅក្នុងក្លិបនៅខែមិថុនា ឆ្នាំ២០២៣៕
ដោយ៖ ភារៈ(រូបភាព៖ BBC Sport)