ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធីបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីពិភាក្សា ឆ្លង និងអនុម័តនូវរបៀបវារៈចំនួន ៥

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដើម្បីពិភាក្សា ឆ្លង និងអនុម័តនូវរបៀបវារៈ ចំនួន ៥ ដូចខាងក្រោម៖

១- របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខ នៃការរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺជា យន្តការមួយដែលផ្តល់នូវការវាស់វែងអំពីវឌ្ឍនភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃគោលនយោបាយដែលបាន ដាក់ចេញ ព្រមទាំងផ្តល់ជាមូលដ្ឋានក្នុងការរៀបចំ តម្រង់ទិស និងកែតម្រូវគោលនយោបាយ ក៏ដូចជាការដាក់ចេញ នូវវិធានការអន្តរាគមន៍ ឬគោលនយោបាយថ្មីៗបន្ថែមទៀត សំដៅធានា ប្រសិទ្ធភាពសមិទ្ធកម្ម តាមរយៈការអនុវត្ត ជវភាពនៃប្រព័ន្ធគ្រប់គ្រងតែមួយ។ ក្របខ័ណ្ឌនេះនឹងគាំទ្រនិងជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ ប្រកបដោយភាពជោគជ័យ ជាពិសេសសម្រេចឱ្យបាននូវគោលដៅជាយុទ្ធសាស្ត្រ តាមរយៈការដ្ឋានការងារ ចំនួន ៣ គឺ ទី១-ការរៀបចំយន្តការវាស់វែងសមិទ្ធកម្ម ទី២-ការផ្ដល់ជាគោលការណ៍ណែនាំ និងទី៣-ការផ្ដល់អនុ- សាសន៍សម្រាប់តម្រង់ទិស។ គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១៧១ ចុះថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំចំនួន ២លើក និងសិក្ខាសាលាអន្តរក្រសួងចំនួន ១លើក ដោយ សម្រេចបាននូវសេចក្តីព្រាងឯកសារទស្សនាទានសម្រាប់រៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

គ.ឃ.បគ្រោងនឹងបញ្ចប់ការរៀបចំតាក់តែង ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤។ 

២- សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក

សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក មាន ១៨ជំពូក និង ២៧៥មាត្រា។ សេចក្តីព្រាងច្បាប់នេះ កំណត់អំពីការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ នៃព្រះរាជាណាចក្រកម្ពុជា ក្នុង គោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាងនិង ថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និង ការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិនិងអន្តរជាតិ និង ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ វិសាលភាពនៃសេចក្តីព្រាងច្បាប់នេះ គឺអនុវត្តចំពោះនាវា នាវិក កំពង់ផែ ម្ចាស់ នាវាឬម្ចាស់នាវាភារវេទកិច្ច យានដ្ឋាននាវា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសកម្មភាពដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុង ដែនដី និងដែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែនាវា កំពង់ផែ និងឋបនីយភណ្ឌផែរបស់កង កម្លាំងមានសមត្ថកិច្ចនៃក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តដោយ ឡែក។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានកំណត់ជាការងារអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បញ្ចកោណទី២ មុំទី២ ត្រង់ចំណុចទី៤ ដែលបានរំលេចយ៉ាងច្បាស់ពីការពន្លឿនការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូន តាមផ្លូវទឹក និងកំពង់ផែ។

៣- សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នាកិច្ចប្រជុំពិនិត្យដោះស្រាយក្នុងវិស័យទេសចរណ៍ និងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី បានដាក់ចេញគំនិតផ្តួចផ្តើម និងវិធានការសំខាន់ៗ ដើម្បីដោះស្រាយ បញ្ហាទេសចរណ៍ ដោយប្រគល់ភារកិច្ចជូន ក្រសួងទេសចរណ៍ ដើម្បីរៀបចំកែសម្រួលរចនាសម្ព័ន្ធ តួនាទី និងភារ កិច្ចនៃយន្តការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាឡើងវិញ ដោយត្រូវបង្កើតយន្តការ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) ឈរលើគោលការណ៍ជួយគិត ជួយធ្វើ និងឆន្ទៈម្ចាស់ការ។ ក្រសួងទេសចរណ៍ក៏បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីសិក្សាស្រាវជ្រាវនិងពិភាក្សា ក្នុងការកែសម្រួល អនុក្រឹត្យលេខ ៥៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង ផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឱ្យស្របតាមសេចក្តីត្រូវការជាក់ស្តែង នៃការអភិវឌ្ឍទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាភាគីពាក់ព័ន្ធនានាប្រកបដោយសង្គតិភាពផ្នែកច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។ អនុក្រឹត្យ ដែលត្រូវបានអនុម័តកែសម្រួលនេះ មានចំនួន ៥មាត្រា រួមមាន មាត្រា១ថ្មី បញ្ញត្តិអំពីបទប្បញ្ញត្តិទូទៅ មាត្រា២ថ្មី បញ្ញត្តិអំពីតួនាទីនិងភារកិច្ចរបស់ កផ.ជមាត្រា១០ថ្មី បញ្ញត្តិអំពីការបង្កើតគណៈកម្មការនានា និងក្រុមការងារ ជំនាញមួយចំនួនតាមការចាំបាច់ មាត្រា១២ថ្មី បញ្ញត្តិអំពីអង្គភាពប្រតិបត្តិរបស់ ក.ផ.ជ. មាត្រា១៥ថ្មី បញ្ញត្តិអំពី កំណត់នូវបៀវត្ស លាភការ ថ្លៃបំពេញការងារ និងការចំណាយផ្សេងៗរបស់ កផផ។

៤- សេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​ អនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មាន ១៣ជំពូក និង៣៧មាត្រា។ អនុក្រឹត្យនេះ ត្រូវបានតាក់តែងឡើង ស្របតាមការកំណត់ក្នុងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន ដែលត្រូវបានអនុម័តដោយស្ថាប័ននីតិប្បញ្ញត្តិ និងប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/ ១០២៣/០១៨ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ មាត្រា៦ នៃច្បាប់នេះចែងថា ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋ លេខាធិការដ្ឋានកិច្ចការព្រំដែន ត្រូវកំណត់ដោយអនុក្រឹត្យ។ ផ្អែកលើមូលដ្ឋានសមិទ្ធផលព្រំដែនដែលមានតម្លៃជា ប្រវត្តិសាស្ត្រនិងមានសារៈសំខាន់បំផុត ដែលសម្រេចបាននាពេលកន្លងមក ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងដើម្បីបន្ត ជំរុញនិងលើកកម្ពស់កិច្ចការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថភាពពេញលេញ ជំនួសឱ្យអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន។

៥- សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ា រ៉ាកេសស្តីពី ការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការ ឧបត្ថម្ភធនជលផល

នៅឆ្នាំ២០២២ អង្គការពាណិជ្ជកម្មពិភពលោក បានអនុម័តវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្ដីពី ការ បង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដោយបញ្ចូលនូវកិច្ចព្រមព្រៀងស្ដីពី ការឧបត្ថម្ភធនជលផល។ គោលបំណង នៃកិច្ចព្រមព្រៀងនេះ គឺដើម្បីរួមចំណែកធានានូវនិរន្តរភាពធនធានជលផលសមុទ្រ ក្នុងកម្រិតសកល តំបន់ និងរដ្ឋ សមាជិកនីមួយៗ តាមរយៈការហាមឃាត់ឬបញ្ឈប់នូវការឧបត្ថម្ភធនមានលក្ខណៈបង្កគ្រោះថ្នាក់ពាក់ព័ន្ធការនេសាទ សមុទ្រ ដែលជាកត្តាចំបងក្នុងការបំផ្លិចបំផ្លាញដល់ផលស្តុកជលផលសមុទ្រសកលលោក។ ក្នុងនាមជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ការអនុម័តយល់ព្រមលើពិធីសារនេះរបស់កម្ពុជា គឺជាការបង្ហាញនូវឆន្ទៈចូលរួម សហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ក្នុងការលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មាន បញ្ញត្តិ និងទប់ស្កាត់ការនេសាទហួសកម្រិត។ កម្ពុជា ក៏នឹងទទួលអត្ថប្រយោជន៍ផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន សម្រាប់ពង្រឹងសមត្ថភាពគ្រប់គ្រង និងអភិរក្សជលផលសមុទ្រផងដែរ។

៦- បញ្ហាផ្សេងៗ

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវចំណុចមួយចំនួន និងផ្តល់អនុសាសន៍ដូចខាងក្រោម៖ សម្តេចធិបតី បានកត់សម្គាល់ដោយមោទនភាពចំពោះភាពសកម្មរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អដើម្បីបម្រើ ប្រជាពលរដ្ឋ ធ្វើឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មីទទួលបានការគាំទ្រកាន់តែខ្លាំង។

– សម្តេចធិបតី បានថ្លែងអំណរគុណដល់ អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអន្តរាគមន៍ទាន់ពេលវេលាក្នុងការដោះស្រាយបញ្ហាដែលពលរដ្ឋក្នុងតំបន់មួយចំនួនខ្វះទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះស្រូវឡើងថ្លៃហើយ កសិករសម្រុកធ្វើស្រែប្រាំងលើសផែនការ។ សម្តេច ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ។ សម្តេចធិបតី ក៏បានណែនាំ ឱ្យពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមាន។

-សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យដើម្បី រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ 

-សម្តេចធិបតី ក៏បានណែនាំ ឱ្យក្រសួងព័ត៌មានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំ បង្កើតក្រមប្រតិបត្តិមួយជាក់លាក់ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។

– សម្តេចធិបតី បានណែនាំឱ្យរាជធានី-ខេត្តទូទាំងប្រទេសយកចិត្តទុកដាក់ខ្ពស់លើការងារព័ត៌មាននិង សាធារណៈមតិ ជាពិសេសមន្ទីរព័ត៌មានត្រូវពង្រឹងតួនាទីរបស់ខ្លួនដើម្បីជាសេនាធិការរបស់រដ្ឋបាលរាជធានី-ខេត្តក្នុង គោលបំណងផ្សព្វផ្សាយសមិទ្ធផលការងាររបស់ខ្លួនឱ្យប្រជាពលរដ្ឋបានជ្រាបកាន់តែទូលំទូលាយ៕

ដោយ​៖ស​ តារា


ចែករំលែក៖