ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​ជា​ម្តាយនិង​បុរស​ជា​គូ​ដណ្តឹង​ បាន​ទៅ​ប្តឹង​​នគរបាល​ ករណី​បាត់​កូនក្រមុំ​ជនជាតិ​ព្នង​ម្នាក់ ខណៈ​នាង​បាន​ចេញពីផ្ទះ​ទៅ​រក​ក្របី​នៅ​ឯវាលស្រែ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ បាត់កូនស្រីជាទីស្រឡាញ់   ! បាត់គូកំណាន់ចិត្ត ស្មើថ្លើមជីវិត ដោយមិនដឹងដំណឹង កុំថាឡើយដល់ ក្តីព្រួយបារម្ភ ស្ទើរប្រេះទ្រូង ក្រៀមសួត កង្វល់ទុក្ខធំជាងភ្នំ សូម្បីតែការទទួលទានទឹក បាយ លេបក៏មិនចូលដែរ ។ ប្រសិនបើពួកគាត់ អាចពង្រួញផែនដីបាន គាត់ជប់ត្រឹមបុិនស្លឹកក្រសាំង ដើម្បីស្រួលរកមើលកូន រកគូដណ្តឹង ឱ្យបានឃើញ បើខឹងអង្វរ បើអន់ចិត្តលួងលោម អោយនាងទន់ចិត្ត បានត្រឡប់មកផ្ទះវិញ ។ 

មើលចុះ ! ម្តាយ​​និង​គូ​ដណ្តឹង​​តាម​រក​នាង​ក្រមុំ​ព្នង​​បាត់​ខ្លួន គ្មានដំណឹង ទាំងចិត្តចម្បែងរកទីបំផុតគ្មាន ។ 

តាម​សេចក្តីរាយការណ៍​​ឲ្យ​ដឹង​ថា ៖ កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៤ កន្លង​ទៅ ស្ត្រី​ជា​ម្តាយនិង​បុរស​ជា​គូ​ដណ្តឹង​ បាន​ទៅ​ប្តឹង​​នគរបាល​ករណី​បាត់​កូនក្រមុំ​ជនជាតិ​ព្នង​ម្នាក់ ខណៈ​នាង​បាន​ចេញពីផ្ទះ​ទៅ​រក​ក្របី​នៅ​ឯវាលស្រែ ។ 

កូនក្រមុំ​ដែល​បាត់​ខ្លួន​នេះ​ឈ្មោះ ខ្វិន យូ អាយុ​១៦​ឆ្នាំ ជា​ជន​ជាតិ​ព្នង​ ជា​កសិករ រស់នៅ​ភូមិ​ពូ​ទ្រូ ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។ 

តាម​ស្ត្រីជា​​ម្តាយនិង​គូ​ដណ្តឹង​របស់​កូន​ក្រមុំ​នោះ​ឲ្យ​ដឹង​ថា ៖ នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១២​និង​៣០​នាទី​ថ្ងៃត្រង់ កូនស្រី​​គាត់​ដែល​​ចេញ​ទៅ​ឃ្វាលក្របីបាន​ប្រាប់​គាត់​ជា​ម្តាយ​ថា «​ម៉ែ​ បាត់​ក្របីហើយ» បន្ទាប់​មក ​នាង​បាន​ជិះ​ម៉ូតូ​​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់ផ្លា​ក​​លេខ​ មណ្ឌលគិរី ១A-៤៧៨៧ ​ចេញ​ទៅ​រក​ក្របី ។ 

នាង​ចេញ​ទៅ​បាត់​១​ថ្ងៃ ហើយ​រហូត​ដល់​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៤ នៅ​មិន​ទាន់​ឃើញ​​ត្រឡប់​មក​ផ្ទះ​វិញទេ ។ បាត់​យូរ​បែប​នេះ​ ទើប​​គាត់​​ក៏ប្រញាប់ប្រញាល់​ទូរស័ព្ទ​ទាក់​ទង​បងប្អូន​សាច់ញាតិ និង​ដើរ​សួរ​តាម​ផ្ទះ​អ្នក​ស្រុក​ឲ្យ​ជួយ​រក ប៉ុន្តែ​មិន​មាន​ដំណឹង​សោះ ។ 

ដោយ​បាត់​កូនក្រមុំ​ពេញ​មួយ​យប់​មួយ​ថ្ងៃ​នោះ​ហើយ ទើប​គាត់​ជា​ម្តាយនិង​គូ​ដណ្តឹង​របស់​នាង​ សម្រេច​ទៅ​ដាក់ពាក្យបណ្តឹង​នៅ​​​អ​ធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​កូនក្រមុំ​ ដែល​បាត់​ខ្លួន​មិនដឹង​មូលហេតុ​នេះ ។

សមត្ថកិច្ច សាច់ញាតិ កំពុងស្វែងរក ក្រែងមានជួប ឧប្បត្តិហេតុអីផ្សេង ៕ 

ដោយ ៖ សិលា


ចែករំលែក៖