ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាព​ក្រុមឈ្មួញ​លៀសដឹកទៅប្រទេសវៀតណាម បំផ្លាញ​ទាំងធនធាន​ជលផលរួមទាំងផ្លូវថ្នល់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សកម្មភាពក្រុមឈ្មួញអូសលៀសនៅបឹងទន្លេសាប រួចដឹកជញ្ជូនតាមមធ្យោបាយ(កាណូត)ទៅកំពង់ដរ ដើម្បីច្រកចូលការ៉ុងលើកឡើងរថយន្តចំណុះ២តោនកន្លះ និង៥តោន រួចជញ្ជូនបន្តទៅលើកដាក់រថយន្តប្រភេទវេអង(ភ្លៅ៥និងភ្លៅ៦)ឆ្ពោះទៅប្រទេសវៀតណាម នេះបើយោងតាមប្រភពនានាពីប្រជាពលរដ្ឋ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបញ្ហានេះគេសង្កេតឃើញថាបណ្ដាលឲ្យរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ធនធានជលផលនៅបឹងទន្លេសាប រួមទាំងផ្លូវថ្នល់ផងដែរ ។

ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា សកម្មភាពអូសលៀសដោយប្រើកំលាំងម៉ាស៊ីន រួចដឹកជញ្ជូនមកច្រកចូលការ៉ុឡើងរថយន្តដូចបានរៀបរាប់ខាងលើនេះ ស្ថិតនៅភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពបញ្ជាក់ទៀតថា ឈ្មួញប្រមូលទិញលៀសល្អិតៗតូចជាងកន្ទុយ(បារី) រួចដឹកជញ្ជូនទៅប្រទេសវៀតណាមនេះ ត្រូវបានគេស្គាល់ឈ្មោះ ចែ វាន្នី តាម៉ុង និងឈ្មោះសៀម មានទីលំនៅ ស្រុកក្រគរតែម្ដង បញ្ជាក់ៈ ក្រុមឈ្មួញទាំងអស់នេះ ពួកគាត់បានជួលរថយន្តទម្ងន់យក្សវេអង(ភ្លៅ៥និងភ្លៅ៦)ដែលបានផ្ទុកលៀសល្អិតៗទម្ងន់ចាប់ពី៦០ទៅជាង៧០តោន រួចដឹកចេញពីកន្លែងម្ដុំផ្លូវកន្លុកកន្លៀត នៃឃុំអន្លង់ត្នោត និងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បន្តដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ រួចឆ្ពោះបន្តទៅផ្លូវជាតិលេខ១ ឆ្លងកាត់ស្ថានីយជញ្ជីងថ្នឹងរថយន្តជាច្រើន កន្លែងទើបដល់ច្រកទ្វារក្អមសំណ ខេត្តព្រៃវែង ជាប់ប្រទេសវៀតណាម ។ បញ្ជាក់ បញ្ហានេះអ្នកសារព័ត៌មានយើងកំពុងតាមអង្កេតរកអ្នករត់ការផ្លូវហេតុអ្វីក៏អាចធ្វើទៅបាន ខណៈក្រុមធ្វើអាជីវកម្មអូសលៀសដឹកជញ្ជូនលៀសល្អិតៗ ដែលច្បាប់ស្ដីពីជលផលហាមឃាត់ដាច់ខាតក្នុងការនេសាទ ប៉ុន្តែក្រុមមានរថយន្តស៊ីឈ្នួលដឹកជញ្ជូន និងថៅកែប្រមូលទិញលៀសនៅច្រកទ្វារក្អមសំណជាជនជាតិវៀតណាម មានតម្រុយខ្លះៗដែរ ។

ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា ទោះបីជាយ៉ាងណាក្ដីគេបានស្គាល់ច្បាស់លាស់រួចហើយ ដួចជាឈ្មោះ ចែវាន្នី តាម៉ុង និងឈ្មោះសៀម ចំណែក ចែវាន្នី នេះ ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្រ្កាបនោះបង្រ្កាប ឃើញតែពិន័យអន្តរការរហូត ពុំដែលឃើញស្ថាប័នជំនាញពាក់ព័ន្ធ ដែលមានទាំងថ្នាក់ជាតិ ទាំងលើគោក និងផ្ទៃទឹកបឹងទន្លេសាបអនុវត្តច្បាប់សោះ ដូច្នេះ ការបង្រ្កាបញឹកញាប់ដែរ និងធ្វើការពិន័យរហូតបែបនេះ គ្មាននីតិវិធីទេឬ? ។

 ពាក់ព័ន្ធ ករណីខាងលើ នាយផ្នែករដ្ឋបាលជលផលក្រគរ បានឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា លោក ទទួលបទបញ្ជាពីថ្នាក់លើ ហើយកំពុងធ្វើការដោយអនុវត្តបានកាណូតដឹកលៀសចំនួន០៣គ្រឿង ឲ្យចាក់ចូលទឹកបឹងទន្លេកន្លែង(អភិរក្ស)វិញហើយ ចំណែកលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ អ្នកសារព័ត៌បានយើងសួរតាមប្រព័ន្ធ(តេឡេក្រាម)គ្មានការឆ្លើយតប ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖