ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចឃុំខ្លួនបុរស៣​ម្នាក់​ ដែលគំរាមកំហែងយកប្រាក់ពលរដ្ឋ ដាក់ពន្ធនាគារជាបណ្តោះអាសន្នហើយ

ចែករំលែក៖

​ភ្នំពេញ​ ៖​ តុលាការសម្រេចឃុំខ្លួនជើងខ្លាំង៣នាក់ដែលពូកែខាងគំរាមយកប្រាក់ពីប្រជាពលរដ្ឋ ក្នុងនោះមានប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមាន​ជ័យ​៣​ម្នាក់ រួមទាំងបក្ខ​ពួកក្លែង​បន្លំ​ធ្វើជាប្រជាការពារ២នាក់ ដោយចោទពីបទ «កំហែងយក និងបទជ្រៀតជ្រែកដោយខុសច្បាប់ក្នុងមុខងារសាធារណៈ» ។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី៣០ ខែមករា​ ឆ្នាំ​២០២៤​ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា ករណីយុវជន០៥នាក់ ដែលបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤កន្លងទៅ ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយនៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ 

​   ករណីនេះដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ បានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ០១នាក់ រួមនឹងប្រជាការពារចំនួន០២នាក់ទៀត ពីបទ កំហែងយកប្រាក់។

ជនត្រូវចោទចំនួន០៣នាក់៖

១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិខ្មែរ។

២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិខ្មែរ។

៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។

បច្ចុប្បន្នជនត្រូវចោទត្រូវបានបញ្ជូលទៅឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្នហើយ ៕

ដោយ​ ៖ រ៉ារ៉ា


ចែករំលែក៖