ខេត្តព្រះវិហារ៖ សន្និសីទសារព័ត៌មានមួយបានរៀបចំធ្វើឡើងដោយរដ្ឋបាលខេត្តព្រះវិហារ ដែលប្រធានបទលើកឡើងអំពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋចំនួន៨គ្រួសារស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែនខ្លាចក្រែងតុលាការដោះលែងឈ្មួញដីទួន ចន្ទ្រា ដែលបានប្រើអំពើហិង្សាឈូសបំផ្លាញផ្ទះសម្បែងរបស់ពួកគាត់ ហើយតុលាការ ថែមទាំងបានចោទប្រកាន់ប្រជាពលរដ្ឋចំនួន៥នាក់ពីបទរំលោភលើកម្មសិទ្ធិឯកជន និងប្រើប្រាស់លិខិតក្លែង តាមបណ្តឹងរបស់ឈ្មួញដីទួន ចន្ទ្រា ថែមទៀតផង។
ការធ្វើសន្និសីទសារព័ត៌មាននោះបានរៀបចំឡើងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ក្រោមអធិបតីភាពលោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យ។
ក្នុងសន្និសីទសារព័ត៌មាននោះ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារនិងជាអ្នកនាំពាក្យបានបញ្ជាក់ថា ទោះបីជា តុលាការដោះលែងអ្នកស្រីចន្ទ្រាឱ្យនៅក្រៅឃុំក៏ដោយ ប៉ុន្តែអ្នកស្រីទួន ចន្ទ្រា នៅតែជាជនត្រូវជាប់ចោទនៅឡើយ ហើយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនៅឡើយែដែរ។
លោកបន្តថា សូមឱ្យប្រជាពលរដ្ឋទាំង៨គ្រួសារដែលត្រូវអ្នកស្រីទួន ចន្ទ្រា ឈូសឆាយបំផ្លាញផ្ទះសម្បែង បំផ្លាញដំណាំ កុំមានការព្រួយបារម្ភអី។
លោក ប៉ែន ជឹង អភិបាលស្រុកគូលែន បានរៀបរាប់អំពីសាវតារដីទំនាស់រវាងប្រជាពលរដ្ឋទាំង៨គ្រួសារ ជាមួយអ្នកស្រីទួន ចន្ទ្រា រហូតឈានដល់ការឈូសបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។
លោកថា ក្នុងនាមជាអាជ្ញាធរស្រុក លោកបានធ្វើការសម្របសម្រួលរយៈពេលបីថ្ងៃ ហើយហាមឃាត់មិនឱ្យអ្នកស្រីទួន ចន្ទ្រា ឈូសឆាយផ្ទះសម្បែងប្រជាពលរដ្ឋនោះទេ ។ ប៉ុន្តែ អ្នកស្រីទួន ចន្ទ្រានិងបក្សពួកនៅតែបន្តឈូសផ្ទះសម្បែងអស់ជាច្រើនខ្នងរួមទាំងដំណាំផងដែរ តែអ្នកស្រីទួន ចន្ទ្រាមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរស្រុកឡើយ។
លោកបន្តទៀតថា ដោយមិនអាចទប់ស្កាត់អ្នកស្រីទួន ចន្ទ្រា បាន លោកបានរាយការណ៍ជូនលោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារផងដែរ ។
លោកអភិបាលខេត្តក៏បានចាត់លោកអ៊ុង វុទ្ធី អភិបាលរងខេត្តនាំកម្លាំងនគរបាលនិងអាវុធហត្ថចុះហាមឃាត់ ប៉ុន្តែអ្នកស្រីទួន ចន្ទ្រា នៅតែបន្តឈូសឆាយផ្ទះសម្បែងប្រជាពលរដ្ឋដដែល ។
ដោយសារតែមិនអាចទប់ស្កាត់សកម្មភាពអ្នកស្រីទួន ចន្ទ្រាដោយការសម្របសម្រួលបាន ទើបអាជ្ញាធរខេត្ត សម្រេចឃាត់ខ្លួនអ្នកស្រីទួន ចន្ទ្រា និងបក្សពួកចំនួន១១នាក់បញ្ជូនទៅតុលាការចាត់ការតាមនីតីវិធីច្បាប់។
លោក ប៉ែន ជឹង និយាយថា ក្នុងនាមជាអាជ្ញាធរលោកខិតខំសម្របសម្រួលទាំងភាគីប្រជាពលរដ្ឋ ទាំងភាគីអ្នកស្រី បែរជាអ្នកស្រីទួន ចន្ទា្រ ចោទប្រកាន់រូបលោកថា ជាអ្នកនៅពីក្រោយខ្នងប្រជាពលរដ្ឋទៅវិញ។
លោក ស សាវ៉េត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីបានឱ្យដឹងថា នៅឆ្នាំ២០០៧ ប្រជាពលរដ្ឋ៧នាក់បានចូលទៅកាប់ព្រៃ ហើយដីតំបន់នេះជាដីគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រោយមកមានការលក់បន្តបន្ទាប់ពីម្នាក់ទៅម្នាក់ទាំងអ្នកក្នុងស្រុកនៅក្រៅស្រុកទើបមានការគ្រប់គ្រងជាន់គ្នាបែបនេះដោយសារតែអ្នកទិញតៗគ្នា។
លោកបន្តថា ដីទំនាស់រវាងអ្នកស្រីទួន ចន្ទ្រា និងប្រជាពលរដ្ឋ៨គ្រួសារជាដីមិនទាន់ចុះបញ្ជីតាមច្បាប់នៅឡើយទេ គឺជារបស់រដ្ឋបាលដីធ្លី។
លោកថា ហេតុអ្វីមានការពាក់ពន្ធ័ជាមួយតុលាការ ? ដោយសារតែអ្នកស្រីទួន ចន្ទ្រា បានប្រព្រឹត្តបទល្មើសជាក់ស្តែង ក្នងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ! ដូច្នេះ ការដោះលែងអ្នកស្រីទួន ចន្ទ្រា ជាសមត្ថកិច្ចរបស់តុលាការ។
ចំពោះសិទ្ធិកាន់កាប់ដីធ្លីស្ថិតនៅក្រោមយន្តការរដ្ឋបាលដីធ្លី ដើម្បីបញ្ជាក់ថា អ្នកណាជាម្ចាស់កម្មសិទ្ធិ។
លោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានបញ្ជាឱ្យអាជ្ញាធរស្រុកគូលែននិងអាជ្ញាធរឃុំគូលែន ប្រាប់ទៅប្រជាពលរដ្ឋទាំង៨គ្រួសារកុំព្រួយបារម្ភចំពោះរឿងតុលាការដោះលែងអ្នកស្រីទួន ចន្ទ្រាឲ្យនៅក្រៅឃុំនេះ គឺស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាកានៅឡើយ។
បញ្ហាចំណាត់ការរបស់តុលាការចោទប្រកាន់ប្រជាពលរដ្ឋ ៥នាក់ នោះ អាជ្ញាធរខេត្តព្រះវិហារបានជួយរកមេធាវីការពារប្រជាពលរដ្ឋតាមផ្លូវច្បាប់រួចហើយដែរ ៕
ដោយ៖ ជីវ័ន្ត