ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន ទៅនឹងផេកហ្វេសប៊ុកឈ្មោះ PHÆL ដែលបានបង្ហោះវីដេអូយុវជនម្នាក់កាន់កាំបិតប៉័ងតោ ហើយស្រែកថា៩៩វិហារសួគ៌ ប៉ះ៨៩ស្ពៃ

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន ទៅនឹងផេកហ្វេសប៊ុកឈ្មោះ PHÆL ដែលបានបង្ហោះវីដេអូយុវជនម្នាក់កាន់កាំបិតប៉័ងតោ ហើយស្រែកថា៩៩វិហារសួគ៌ ប៉ះ៨៩ស្ពៃ។

ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលនិងក្រុងអរិយក្សត្រ ធ្វើការស្រាវជ្រាវស្វែងរកយុវជនខាងលើ ដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបានលម្អិតថា ៖ ជាលទ្ធផល នៅថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទីព្រឹក កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរកប្រភពវីដេអូខាងលើ និងឈានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ​ មឿង សុវណ្ណ ហៅ វណ្ណ ភេទប្រុស អាយុ​១៨ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ កសិករ មានទីលំនៅភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល (ជាអ្នកធ្វើសកម្មភាពកាន់កាំបិតបុ័ងតោ) និងឈ្មោះ​ ចក់ សុខជា ភេទប្រុស អាយុ​២៣ឆ្នាំ សញ្ជាតិ​ខ្មែរ​ ជនជាតិ​ខ្មែរ​ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល (គេចខ្លួន) (ជាអ្នកថតវីដេអូ)។ 

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ មឿង សុវណ្ណ បានឆ្លើយសារភាពថា ចំពោះវីដេអូនោះ ខ្លួនបានឲ្យឈ្មោះ ចក់ សុខជា យកទូរស័ព្ទថតខ្លួន ដើម្បីផ្ញើទៅគំរាមក្រុមមនុស្សរហ័សនាម ៩៩ នៅឃុំវិហារសួគ៌ ហើយឈ្មោះ ចក់ សុខជា ជាអ្នកចែកចាយវីដេអូនោះ។ 

សមត្ថកិច្ចបន្តថា ៖ ករណីនេះសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គមជ្រាប! ៕

ដោយ ៖ សិលា


ចែករំលែក៖