ខេត្តស្វាយរៀង៖ ទំនិញទាំង៤កុងតឺន័រ ដែលសមត្ថកិច្ចឃាត់បាននៅក្រុងស្វាយរៀង ជាប្រភេទជើងមាន់ , កន្លងទៅ លទ្ធផលនៃសំណាកគំរូជើងមាន់ ដែលបានដកចេញពីទូកុងតឺន័រទាំង៤ឃើញថា ពុំមានសារធាតុគីមីហាមឃាត់ FORMALIN , ហើយកើតជាចំងល់ថា ៖ បើមិនមានបញ្ហា ចឹងចាប់ឃាត់ធ្វើអ្វី ? គេថា , តាមពិតមកពីអ្នកបើកឡានដឹកទំនិញ ភ្លេចយកឯកសារមកតាមខ្លួនសោះ ! (ខាងគយ)
សូមបញ្ជាក់ថា ៖ ជើងមាន់បង្កក ដែលលួចនាំចូលឆ្លងដែនមកក្នុងខេត្តស្វាយរៀង ចំនួន០៤រថយន្តកុងតឺន័រ បម្រុងដឹកឆ្ពោះទៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញ ត្រៀមដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ស្អែកនេះ នៅទីលានចាក់សំរាមក្នុងក្រុងស្វាយរៀង។
សូមរម្លឹកថា ៖ នៅថ្ងៃទី៣១ ខែមករា វេលាម៉ោង ២១៖២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន៤គ្រឿង ដើម្បីត្រួតពិនិត្យ។ ក្រោយការត្រួតពិនិត្យបានរកឃើញថា រថយន្តកុងតឺន័រទាំង៤គ្រឿងនេះ ផ្ទុកជើងមាន់។ នេះបើយោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង បានប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។
អ្នកបើកបរបញ្ជាក់ថា ៖ ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅច្រកដូងនៅស្រុករមាសហែក រួចនាំចូលទៅវៀតណាមវិញ។ ទំនិញទាំងនេះជារបស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត។
លោក ពេញ សារ៉េត (ម្ចាស់ឡានកុងតឺន័រ) បានបញ្ជាក់ថា ៖ គាត់ជាអ្នកគ្រប់គ្រងឡានកុងតឺន័រទាំង៤គ្រឿងនេះ ហើយមិនបានដាក់ឯកសារ (ដឹកទំនិញ) មកជាមួយតាមឡានទេ ហើយទំនិញទាំងនេះមានទិសដៅទៅច្រកដូង ស្រុករមាសហែក ហើយគ្រោងនាំចូលទៅវៀតណាមវិញ។
នៅវេលាម៉ោង ២២៖១៥នាទីយប់មិញ មន្ត្រីជំនាញ ក.ប.ប បានសហការជាមួយមន្ត្រីពាក់ព័ន្ធ បានកាត់សៀលរថយន្តកុងតឺន័រទាំង៤គ្រឿងនេះមកត្រួតពិនិត្យមានលទ្ធផលជាប្រភេទជើងមាន់ រួមមាន៖
ទី១៖ កុងតឺន័រលេខ SZLU9430540 (45) មានសីតុណ្ហភាព-៥ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ) ទី២៖ កុងតឺន័រលេខ SZLU9415762(45′) មានសីតុណ្ហភាព-២.៩ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ) ទី៣៖ កុងតឺន័រលេខ HMMU5490786(45) មានសីតុណ្ហភាព-៦.៤ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ) ទី៤៖ កុងតឺន័រលេខ HDMU5591398(45) មានសីតុណ្ហភាព-២.៥ អង្សាសេ (ធៀបនឹងស្តង់ដា-១២ អង្សាសេ)។
ក្រោយពិសោធន៍ដោយរថយន្តចល័តពិសោធន៍ម្ហូបអាហាររបស់ ក.ប.ប ជាលទ្ធផលនៃសំណាកគំរូជើងមាន់ ដែលបានដកចេញពីទូកុងតឺន័រទាំង៤ឃើញថា ពុំមានសារធាតុគីមីហាមឃាត់ FORMALIN។ បន្ទាប់ពីបានពិនិត្យរួច សមាសភាពបានសម្រេចបិទសៀលទូកុងតឺន័រវិញ។
លោក ហេង សំបូរ ប្រធានសាខាគយរដ្ឋាករខេត្តស្វាយរៀង បានបញ្ជាក់ថា ៖ ទំនិញជើងមាន់ទាំងនេះ ជាទំនិញដឹកឆ្លងកាត់ ហើយគ្រោងនាំចូលទៅវៀតណាមវិញ។
សូមបញ្ជាក់ថា សមត្ថកិច្ចចាប់ឃាត់រថយន្តកុងតឺន័រចំនួន៤គ្រឿង ដែលសង្ស័យថាដឹកសាច់បង្កកកាលពីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង តាមបទបញ្ជារបស់ព្រះរាជអាជ្ញាខេត្តស្វាយរៀង។ ករណីឃាត់បាននេះ បានធ្វើឡើងដោយមានការសហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង និងមន្ត្រី ក.ប.ប សាខាខេត្តស្វាយរៀង។
ចុងក្រោយស្តាប់ការបកស្រាយរបស់ជំនាញ ពិតជាមានហេតុផល រៀងៗខ្លួន គ្មានកំហុសអ្នកចាប់ឃាត់ គ្មានកំហុសអ្នកដឹកជញ្ជូន គ្មានប៉ះពាល់សុខភាព ! ចឹងថ្ងៃក្រោយមុនឃាត់រថយន្តណាមួយ សូមមេត្តាស្រាវជ្រាវ អោយបានច្បាស់ ជៀងវាងខាតពេលអ្នករកសុី នឹងតាមដានអោយប្រាកដប្រជា ថាតើចូលតាមណាខុស ច្រកណាត្រូវ កុំយកលេសភ្លេចឯកសារ សំខាន់បនរកាសពន្ធនាំចូលឱ្យពិតប្រាកដទៅល្អហើយ ។
សូមជម្រាបថា ៖ ដំបូងថា ពុំមានសារធាតុគីមីហាមឃាត់ FORMALIN , ទីបំផុត មន្ត្រីជំនាញ សម្រេចនឹងដុតកម្ទេចចោលជើងមាន់បង្កក ០៤កុងតឺន័រ ដែលបង្ក្រាបបាននៅក្រុងស្វាយរៀង …ប្លែកៗ ..៕
ដោយ ៖ សិលា