ខេត្តកំពត៖ យោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសជូនរង្វាន់ចំនួន ១ លានរៀលចំពោះបងប្អូនណាដែលផ្តល់ដំណឹងដល់សមត្ថកិច្ចរកឃើញរថយន្តម៉ាក់ FORD RAPTOR ពណ៍ស ពាក់ស្លាកលេខ MENGPECH សូមទាក់ទងមកលេខទូរសព្ទ័នេះ 092937705 ហើយយើងនឹងរក្សារការសម្ងាត់ជូន ។
សូមជម្រាបជូនថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា វត្ថុតាងក៏មិនយកមកប្រគល់ឱ្យសមត្ថិកិច្ច ប្អូនក៏មិនចូលខ្លួនមកបំភ្លឺអោយសមត្ថកិច្ច ប្អូនមើលស្រាលច្បាប់ពេកហើយ កុំគិតថាសងសំណងរដ្ឋប្បវេណីហើយប្អូនរួចខ្លួនអោយសោះប្អូន ផល្លា សុីម៉េង រង់ចាំមើលច្បាប់អនុវត្តយ៉ាងណាជាមួយប្អូន !!!! ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។
គួររម្លឹកថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បានថ្លែងថា៖ សូមម្ចាស់ឡានឈ្មោះ ផល្លា សុីម៉េង ដែលមានទីលំរស់នៅខេត្តកណ្តាលចូលខ្លួនមកដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយជនរងគ្រោះស្លាប់ពីរនាក់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង ១២ និង៤០នាទីរសៀល នៅស្រុកដងទុង។ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសង្កត់ធ្ងន់ថា សូមម្ចាស់រថយន្តអញ្ជើញមកស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
គួរជម្រាបដែរថា កាលពីវេលាម៉ោង ១២ និង៥៥នាទីរសៀលមានករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូ បណ្តាលឱ្យរបួសធ្ងន់ចំនួន ០២នាក់ (ប្រុស០១នាក់) លើ កំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ១២៤និង១២៥ ស្ថិតនៅចំនុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។
ក្រោយកេីតហេតុកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកដងទង់ សហការណ៍ជាមួយ កម្លាំងជំនាញនៃប៉ុស្តិ៍នគរបាលរដ្ឋបាលល្អាង បានចុះដល់កន្លែងកើតហេតុ វាស់វែង បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេកបណ្ដាលឱ្យជនរងគ្រោះស្លាប់ទាំងពីរនាក់ រីម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្អាងជាបណ្តោះអាសន្ន និងបន្តស្រាវជ្រាវស្វែងរករថយន្តបង្ក ដើម្បីដោះស្រាយតាមនីតិវិធី៕ដោយ៖តារា
ដោយ៖ តារា