សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយរូបភាពផ្កាយរណបដែលត្រូវបានវិភាគដោយមជ្ឈមណ្ឌលផ្កាយរណបអង្គការសហប្រជាជាតិ ដែលបានបង្ហាញថា ៣០ភាគរយនៃអគារក្នុងតំបន់ហ្កាហ្សាត្រូវបានបំផ្លាញឬរងការខូចខាតនៅក្នុងការវាយប្រហារពីសំណាក់អ៉ីស្រាអែល។
តាមក្រុមមន្ត្រីក្នុងតំបន់ហ្កាហ្សា ការវាយប្រហាររបស់អ៉ីស្រាអែល ដែលបានធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់លើភាគខាងត្បូង អ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុនបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៧,០០០នាក់ហើយក្នុងនោះភាគច្រើនជាស្ត្រីនិងកុមារ។ ការទម្លាក់គ្រាប់បែកនេះទៀតសោតបានបំផ្លាញធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយផ្នែកធំផងដែរ។
ជាក់ស្ដែង បើតាមមជ្ឈមណ្ឌលផ្កាយរណបអង្គការសហប្រជាជាតិ ឬហៅកាត់ថា UNOSAT គិតជាសរុបមកទល់នឹងពេលនេះ អគារ និងផ្ទះ ៦៩,១៤៧ខ្នង ឬស្មើនឹងជាង ៣០ភាគរយនៃអគារក្នុងតំបន់ហ្កាហ្សាត្រូវបានបំផ្លាញ ឬរងការខូចខាត។ ក្នុងចំណោមអគារទាំងនេះ មានអគារ ២២,១៣១ខ្នងត្រូវបានកម្ទេចទាំងស្រុង ខណៈ ១៤,០០៦ខ្នងរងការខូចខាតធ្ងន់ធ្ងរ និង៣២,០៥០ខ្នងរងការខូចខាតគួរសម។
រូបភាពផ្កាយរណបរបស់ UNOSAT ត្រូវបានថតនៅចន្លោះពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមករាកន្លងទៅនេះ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)