ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តស្វាយរៀងអញ្ជើញចូលរួមដុតកម្ទេចចោលជើងមាន់ដែលឈ្មួញលួចនាំចូលដោយគ្មានច្បាប់ចំនួន៤កុងតឺន័រចំនួនសរុប ១០២តោន៦០០គីឡូក្រាម នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៤បានអញ្ជើញចូលរួមដុតកម្ទេចចោលជើងមាន់ដែលឈ្មួញលួចនាំចូលដោយគ្មានច្បាប់ចំនួន៤កុងតឺន័រ ចំនួន សរុប១០២តោន៦០០គីឡូក្រាមនៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សូមបញ្ជាក់ថា យោងតាមមន្ត្រីជំនាញ បានបញ្ជាក់ថា ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទៅលើទំនិញទាំង៤កុងតឺន័រ ដែលផ្ទុកជើងមាន់នេះ ដោយពិនិត្យឃើញថាពុំមានឯកសារគ្រប់គ្រាន់ទើប នៅថ្ងៃទី៤កុម្ភៈឆ្នាំ២០២៤នេះ លោកប៉េងពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងសមត្ថកិច្ចដែលពាក់ពន្ធ័ បានអញ្ជើញមកដុតកម្ទេចចោល។

គួររំលឹកឡើងវិញថា យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែមករា វេលាម៉ោង២១ៈ២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន៤គ្រឿងដើម្បីត្រួតពិនិត្យ។

ក្រោយការត្រួតពិនិត្យបានរកឃើញថា រថយន្តកុងតឺន័រទាំង៤គ្រឿងនេះផ្ទុកជើងមាន់។

តាមការអះអាងរបស់អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូកុងតឺន័រ នៅចំណុចសូន្យចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅច្រកដូង នៅស្រុករមាសហែក រួចនាំចូលទៅវៀតណាមវិញ។ ទំនិញទាំងនេះជារបស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត៕

ដោយ៖ សុថាន


ចែករំលែក៖