ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្ត​ បញ្ជូនជនសង្ស័យ​ម្នាក់ ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ​​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃអាទិត្យ​ ទី០៤​ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​៕

 សមត្ថកិច្ចប្រាប់ថាៈកាលពីវេលាម៉ោង១១និង១២នាទី​ ថ្ងៃទី០៣​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក​ ដឹកនាំដោយលោករវសេនីយ៍ត្រី​ អ៊ុក​ សូរផុន​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក​ ដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ​ សូយ សារី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ​ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ​១-កាំបិតខ្វែវដងឈើប្រវែង៦៣ សង់ទីម៉ែត្រ ចំនួន០១ដើម,២-កាំបិតចុងស្រួចដងជ័រពណ៌ខ្មៅ ប្រវែង២៩សង់ទីម៉ែត្រ ចំនួន០១ដើម​។ ការចុះឃាត់ខ្លួនជនសង្ស័យខាងលេី​ យោងតាមពាក្យបណ្ដឹងឈ្មោះ​ ហូ ស្រីភូត ហៅ​ កយ ភេទស្រី អាយុ៤២ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្ន ភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ​ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោករវសេនីយ៍ត្រី​ អ៊ុក​ សូរផុន​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក​បានឱ្យដឹងថា​ កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បង្កដោយជនសង្ស័យខាងលើបានយកកាំបិតខ្វែវ និងកូន កាំបិតចុង​ស្រួចកាប់ និងចាក់ទៅលើជនរងគ្រោះឈ្មោះ​ លឿង សាលៀង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក  ដោយមិនដឹងមូលហេតុបណ្ដាលឱ្យរងរបួសចំនួន០៣កន្លែង គឺត្រូវចំផ្ទៃមុខចំនួន០១កន្លែង(របួសធ្ងន់),​ ចំក្រោមក្លៀកខាងស្តាំចំនួន០១កន្លែង និងត្រូវចំកដៃខាងស្ដាំចំនួន០១កន្លែង។ 

លោកបន្តថា​ ក្រោយកើតហេតុភ្លាម ប្រជាពលរដ្ឋបានចូលឃាត់ ស្រាប់តែជនសង្ស័យតដៃ​ ហេីយប្រជពលរដ្ឋតបតដេីម្បីការពារខ្លួន​ បណ្តាលឱ្យជនសង្ស័យដួល​របួសក្បាលផ្នែកខាងក្រោយចំនួន០២កន្លែង។ បន្ទាប់ពីទទួលបានព័ត៌មាន​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក​ បានបញ្ជូនជនសង្ស័យទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក​ ដេីម្បីលាងរបួស ហើយនាំខ្លួន រួមនឹងវត្ថុតាង មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក​ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ជនសង្ស័យ​បានសារ​ភាពថា​ ខ្លួនពិតជាបានយកកាំបិតខ្វែវ និងកូនកាំបិតចុង​ស្រួច​ កាប់និងចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន​ហើយកន្លងមកនៅពេលខ្លួនដើរតាមផ្លូវ ឱ្យតែជួបមនុស្សជិះម៉ូតូ ឬដើរតាមផ្លូវ ខ្លួនតែងតែដេញកាប់គេ និងស្រែកគំរាមទៀតផង។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាង​ជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក​ បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។ 

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

ជនសង្ស័យ​​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីអនុវត្តតាមនីតិវិធី​៕

ដោយ៖ វណ្ណា


ចែករំលែក៖