ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកបង្គោលស្លាកសញ្ញាចរាចរណ៍ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្រោយពីជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូបុកបង្គោលស្លាកសញ្ញាចរាចរណ៍នៅចំណុចផ្លូវបំបែកជាបួនផ្លូវវាងក្រុងកំពង់ឆ្នាំងនៅកំណាត់ផ្លូវជាតិលេខ៥។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុតគ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះ កាន់ សុភា ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ជាអ្នកបើកបរម៉ូតូ(ស្លាប់) និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ សេង សៅលី ភេទប្រុស  អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា ។

សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់នាំគ្នាជិះម៉ូតូម៉ាក ហុងដា សេ១២៥ ក្នុងល្បឿនយ៉ាងលឿនឆ្ពោះទៅលេងផ្ទះបងប្អូន ។ ពេលមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួនបានជ្រុលចង្កូតទៅបុកស្លាកសញ្ញាចរាចរណ៍នៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យម៉ូតូគាបជាប់នឹងបង្គោលស្លាកសញ្ញា ចំណែកជនរងគ្រោះក៏បានខ្ទាតចូលទៅក្នុងប្រឡាយទឹកបណ្តាលឱ្យស្លាប់ភ្លាមៗម្នាក់តែម្ដង។ ដោយឡែក ជនរងគ្រោះម្នាក់ទៀតបានរងរបួសផងដែរ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចដំបូងគឺបញ្ជាក់ថា ជនរងគ្រោះបើកបរខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងស្ថានភាពស្រវឹង ៕

ដោយ ៖ ចន្ថា


ចែករំលែក៖