ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តបន្តចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង ស្ទើរពេញមួយសប្តាហ៍នេះបានចេញអន្តរាគមន៍សង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង ខណៈដែលស្រូវប្រាំងរបស់ប្រជាពលរដ្ឋមួយចំនួនកំពុងជួបប្រទះនិងរងផលប៉ះពាល់ខ្វះទឹកសម្រាប់ស្រោចស្រពស្រូវរដូវប្រាំង។

ប្រជាកសិករដែលកំពុងដែលធ្វើការងារបង្កបង្កើនផលស្រូវរដូវប្រាំងមានស្រុកជលគិរី ស្រុកកំពង់លែង ស្រុករលាប្អៀរ ស្រុកបរិបូរណ៍ និងមួយចំនួនទៀតនៅក្រុងកំពង់ឆ្នាំង ។ 

ក្នុងពេលចុះអន្តរាគមន៍បូមទឹកស្រោចស្រពស្រូវរដូវប្រាំងនេះ អាជ្ញាធរខេត្ត-ស្រុកបានដាក់គ្រឿងចក្រភា្លមៗដើម្បីស្តារប្រឡាយនិងរកប្រភពទឹកដើម្បីបូមទឹកសង្រ្គោះស្រូវប្រាំងដែលកំពុងរងផលប៉ះពាល់ ។ 

យោងតាមការបញ្ជាក់របស់លោក ងិន ហ៊ុន ដែលជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះឱ្យដឹងថា នៅខេត្តកំពង់ឆ្នាំងផ្ទៃដីស្រូវប្រាំងដែលដាំដុះបានមានចំនួន ៤៩.៥៣៦ហិកតាស្មើនឹង១៣១,៣៩ភាគរយលើផែនការ៣៧៧០០ហិកតា ។ នៅឆ្នាំនេះប្រជាកសិករខេត្តកំពង់ឆ្នាំងសម្រុកធ្វើស្រូវប្រាំងកើនឡើងដល់ជាង១៧០៧ហិកតា ធ្វើឱ្យប្រភពទឹកដែលធ្លាប់ស្រោចស្រពនាឆ្នាំកន្លងមានការខ្វះខាតជាង៦៤៥ហិកតា ដែលពេលនេះអាជ្ញាធរខេត្ត ស្រុក មន្ទីរជំនាញបានចុះអន្តរាគមន៍សង្រ្គោះបានជា៦៤៥ហិកតា ដែលស្ថានភាពនេះបានល្អប្រសើរជាងមុនខ្លះហើយដោយសារសង្រ្គោះបានទាន់ពេលវេលា  ៕

ដោយ៖ ចន្ថា


ចែករំលែក៖