ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឯកឧត្ដម ចូសិប បូររែល ហ្វុនតែល (Josep BORRELL FONTELLES) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខនិងជាអនុប្រធានគណៈកម្មការអឺរ៉ុប ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣ នៅថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប បានរំលឹកឡើងវិញនូវសមិទ្ធផលសំខាន់ៗ ដែលប្រកបដោយខ្លឹមសារនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបកាលពីឆ្នាំ២០២២កន្លងទៅ។
រដ្ឋមន្ត្រីការបរទេសអាស៊ាននិងសហភាពអឺរ៉ុបបានអះអាងជាថ្មីនូវគុណតម្លៃនិងផលប្រយោជន៍រួមក្នុងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ក្នុងរយៈកាល ៤៧ឆ្នាំកន្លងមក និងបានកោតសរសើរចំពោះវឌ្ឍនភាពដ៏ល្អក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប (២០២៣-២០២៧) និងសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសអាស៊ាននិងសហភាពអឺរ៉ុបបានទទួលស្គាល់ថា តំបន់ទាំងពីរផ្តល់នូវកាលានុវត្តភាពនៃកំណើន និងសក្កានុពលដ៏ប្រសើរសម្រាប់កិច្ចសហប្រតិបត្តិការក្រោមសសរស្តម្ភសហគមន៍ទាំងបីរបស់អាស៊ានដែលត្រូវបានចង្អុលបង្ហាញដោយភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសអាស៊ាននិងសហភាពអឺរ៉ុបក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់និងផលប្រយោជន៍រួម ព្រមទាំងបានអនុម័តសេចក្តីប្រកាសរួមរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប ដោយផ្អែកលើការគោរព ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយបន្តធ្វើការជាមួយប្រទេសសមាជិកអាស៊ាននិងសហភាពទាំងអស់ដើម្បីធានាថាការចូលរួមកម្រិតថ្នាក់ដឹកនាំជាទៀងទាត់នឹងនាំឱ្យទំនាក់ទំនងអាស៊ាន- សហភាពអឺរ៉ុបឈានដល់កម្រិតខ្ពស់ថ្មីថែមទៀត។
ស្របពេលមានការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រឈមជាមួយនឹងបញ្ហាសន្តិសុខមិនប្រក្រតីជាច្រើន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការនៃតំបន់ទាំងពីរត្រូវមានភាពប្រុងប្រយ័ត្ន រហ័សរហួននិងភាពធន់ តាមរយៈការរិះរកប្រភពធនធានថ្មីៗនៃកំណើន ប្រកបដោយចីរភាពនិងភាពរឹងមាំ ព្រមទាំងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំក្របខ័ណ្ឌ និងប៉ារ៉ាម៉ែត្រ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុបនាពេលអនាគត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងការតភ្ជាប់ រួមមានតាមរយៈការអនុវត្តឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសរួមរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបស្តីពីការតភ្ជាប់ ព្រមទាំងការជំរុញសហថាមពលរវាងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ជាមួយយុទ្ធសាស្ត្រតភ្ជាប់អឺរ៉ុប-អាស៊ីនិងយុទ្ធសាស្រ្តច្រកទ្វារសាកល ជាពិសេសក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព នវានុវត្តន៍ផ្នែកឌីជីថល និងការដឹកជញ្ជូនដោយរលូន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហភាពអឺរ៉ុបចំពោះការបន្តគាំទ្រដល់មជ្ឈភាពអាស៊ាននិងយន្តការដឹកនាំដោយអាស៊ាន តាមរយៈការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ និងការអនុវត្តវិស័យអាទិភាពទាំង៤ នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។
វេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣ បានផ្តោតលើប្រធានបទចំនួន៣ ដែលមានសារៈសំខាន់បំផុតចំពោះតំបន់ទាំង២ រួមមាន៖ វិបុលភាពរួមគ្នា ភាពធន់នៃសេដ្ឋកិច្ចនិងការវិនិយោគអន្តរកាលបៃតង-ភាពជាដៃគូសម្រាប់អនាគតប្រកបដោយចីរភាព និងបញ្ហាប្រឈមនៃភូមិសាស្ត្រនយោបាយ និងសន្តិសុខ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចែករំលែកនូវទស្សនៈវិស័យអំពីភាពធន់នៃសេដ្ឋកិច្ច និងការវិនិយោគ។ ឯកឧត្ដម បានគូសបញ្ជាក់ពីសារៈសំខាន់ដ៏ចម្បងនៃការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប អាស៊ាន និងបណ្តាប្រទេសប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលមានភាពស្មុគស្មាញនិងមិនអាចប៉ាន់ស្មានទុកជាមុន ដែលបង្កឡើងដោយជំងឺកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន ជម្លោះនៅតំបន់ហ្គាហ្សា និងវិបត្តិនៅសមុទ្រក្រហម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃការវិនិយោគប្រកបដោយតុល្យភាព និងបរិយាប័ន្នរបស់សហភាពអឺរ៉ុបនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចបៃតង និងភាពធន់នឹងអាកាសធាតុ ព្រមទាំងប្រើប្រាស់ឱ្យអស់នូវអត្ថប្រយោជន៍នៃបរិវត្តកម្មឌីជីថលនិងបង្កើតបរិយាកាសធុរកិច្ចដែលអំណោយផលនិងអាចព្យាករណ៍បាន សំដៅជួយសម្រួលដល់ទំនាក់ទំនងសេដ្ឋកិច្ច។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដ៏សន្ធឹកសន្ធាប់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារជីវភាពប្រជាជននិងទប់ស្កាត់វិបត្តិសេដ្ឋកិច្ចក្នុងអំឡុងពេលជំងឺរាតត្បាត ដោយរក្សាបាននូវស្ថិរភាព និង បរិយាកាសធុរកិច្ច និងវិនិយោគប្រកបដោយជោគជ័យ ព្រមទាំងបានអនុវត្តកំណែទម្រង់ដើម្បីកសាងភាពធន់ឱ្យកាន់តែខ្លាំង ប្រឆាំងនឹងវិបត្តិផ្សេងទៀត នាពេលអនាគត ៕
ដោយ ៖ សិលា