ខេត្តក្រចេះ ៖ សាលាឆាន់កុដិព្រះសង្ឃ និងបដិមាក្នុងវត្តមួយកន្លែងនៅស្រុកឆ្លូង ត្រូវបានអគ្គិភ័យលេបត្របាក់ឆាបឆេះអស់ទាំងស្រុងរងការខូចខាតគិតជាទឹកប្រាក់អស់ប្រមាណជា២៥ម៉ឺនដុល្លារ។
ហេតុការណ៍អគ្គិភ័យឆាបឆេះសាលាឆាន់កុដិខាងលើនោះបានកើតឡើងបង្កឱ្យមានការភ្ញាក់ផផ្អើលនៅវេលាម៉ោង៦៖៣០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នៅចំណុចវត្តដំរីផុង ស្ថិតក្នុងភូមិបុស្ស ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។
អធិការស្រុកឆ្លូង លោក ឆុង តូរ៉ាន់ បានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះអគ្គីភ័យនេះឡើងគឺដោយសារផ្ទុះកំប៉ុងហ្គាសពីចង្ក្រាន ខណៈលោកសង្ឈដាក់ដាំទឹកឆាន់ ហើយនៅលើសាលាឆាន់នោះក៏មានប្រេងសាំងចំនួន៣០កាន ដែលពុទ្ធបរិស័ទប្រគេនព្រះសង្ឃ ទុកគ្រាន់ប្រើប្រាស់ក្នុងវត្ត ទើបធ្វើឱ្យស្ថានភាពអគ្គីសភ័យឆាបឆេះលឿនបែបនេះ ។
ពេលហេតុការណ៍នេះកើតឡើងភ្លាមៗ ក៏មានការអន្តរាគមន៍ពន្លត់ពីប្រជាពលរដ្ឋ ព្រមទាំងមានកិច្ចអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកឆ្លូង បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត និងប្រើប្រាស់ធុងបាញ់ថ្នាំប្រហែល១០០ធុងដាក់ទឹកជួយបាញ់ពន្លត់ ទើបទប់ស្កាត់មិនរាលដាលទៅកន្លែងផ្សេងទៀត ។
ចំពោះការខូចខាតបណ្តាលមកពីអគ្គីភ័យខាងលើរួមមាន ឆេះសាលាឆាន់១ខ្នង មានទំហំ១៥ម៉ែត្រ គុណ២៥ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ឆេះកុដិព្រះសង្ឃ ១ខ្នង មានទំហំទំហំ៦ម៉ែត្រកន្លះគុណនឹង១៣ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ឆេះរូបបដិមាចំនួន៨អង្គ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀតផងដែរ ។
គិតជាទឹកប្រាក់សរុបអស់ប្រហែលចំនួន២៥ម៉ឺនដុល្លារ ។
នេះជាគ្រោះអកុសលមួយដែលបានកើតឡើងក្នុងទីវត្តអារាមស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ធ្វើឱ្យមានការខាតបង់ថវិកាកសាងយ៉ាងច្រើនសន្ធឹកសន្ធាប់នាចុងឆ្នាំ២០២៤នេះ ៕
ដោយ ៖ ជីវ័ន្ត