ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគាំទ្រអុីរ៉ង់ វាយប្រហារដោយកាំជ្រួចជាបន្តបន្ទាប់ជាការសងសឹកនឹងអាមេរិក

ចែករំលែក៖

មូលដ្ឋានទ័ពអាមេរិកក្នុងខេត្ត Deir ez-Zor ភាគខាងកើតប្រទេសស៊ីរី ក្បែរតំបន់ឧស្ម័ន Koniko ត្រូវបានវាយប្រហារដោយមីស៊ីល។ ឧបទ្ទវហេតុនេះបង្ហាញថាភាពតានតឹងនៅក្នុងតំបន់កំពុងកើនឡើងយ៉ាងខ្លាំង។

ព័ត៌មានអំពីការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកកាលពីថ្ងៃទី 3 ខែកុម្ភៈ ត្រូវបានរាយការណ៍ និងបញ្ជាក់ដោយប៉ុស្តិ៍ទូរទស្សន៍លីបង់ Al Mayadeen និងអ្នកជំនាញរុស្ស៊ី Mikhail Zvinchuk ។
យោងតាមប្រភពបានឱ្យដឹងថា មូលដ្ឋានទ័ពអាមេរិក គឺជាគោលដៅនៃកាំជ្រួចប្រហែល 30 គ្រាប់។ ឧប្បត្តិហេតុខាងលើគឺជាផ្នែកនៃការវាយប្រហារជាបន្តបន្ទាប់ទៅលើគោលដៅយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដោយក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់អ៊ីស្រាអែលក្នុងជម្លោះជាមួយតំបន់ហ្គាហ្សា។ ចាប់តាំងពីជម្លោះកើនឡើងនៅតំបន់ហ្គាហ្សាស្ទ្រីប ចំនួននៃប្រតិបត្តិការប្រដាប់អាវុធប្រឆាំងនឹងទាហានអាមេរិកនៅក្នុងប្រទេសខាងលើបានកើនឡើងយ៉ាងខ្លាំង។
អ្នកយកព័ត៌មាន Avia.pro បានផ្សាយថា ការវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅ Deir ez-Zor គឺជាការឆ្លើយតបទៅនឹងការវាយប្រហារពេលយប់របស់អាមេរិក និងអ៊ីស្រាអែលលើប្រទេសស៊ីរី និងអ៊ីរ៉ាក់។
កន្លងមក យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim កងកម្លាំងតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់បានប្រកាសកាលពីថ្ងៃទី 3 ខែកុម្ភៈថា ពួកគេបានបើកការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ក្រុមនេះបាននិយាយថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាស Ain al-Assad នៅភាគខាងលិចខេត្ត Anbar ក្នុងប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលទាហានអាមេរិកឈរជើង។
នាពេលថ្មីៗនេះ ក្រុមប្រដាប់អាវុធដែលមានមូលដ្ឋាននៅអ៊ីរ៉ាក់តែងតែវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរី ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ក្នុងការសងសឹកចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ៕

ដោយ៖ ធីរីណា(រូប​ថត​៖ tasnim)


ចែករំលែក៖